[ភ្នំពេញ] — អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចប្រកាសរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦ នេះតទៅ បន្ទាប់ពីទិន្នន័យបង្ហាញថា ចំនួនគ្រោះថ្នាក់ អ្នកស្លាប់ និងអ្នករបួសបានហក់ឡើងខ្ពស់ ក្នុងអំឡុងពេលនៃការបន្ធូរបន្ថយការត្រួតពិនិត្យមួយរយៈកន្លងទៅ។
១. របាយការណ៍ស្ថិតិ៖ ការកើនឡើងនៃគ្រោះថ្នាក់
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងរយៈពេល ១៦០ថ្ងៃ (ចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥) ដែលជាដំណាក់កាលមានជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ ការអនុវត្តច្បាប់ត្រូវបានបន្ធូរបន្ថយ ដែលនាំឱ្យមានផលវិបាកដូចខាងក្រោម៖
• គ្រោះថ្នាក់ចរាចរណ៍៖ កើនឡើង ៣៤លើក (៣%)
• ចំនួនអ្នកស្លាប់៖ កើនឡើង ៦២នាក់ (១០%)
• ចំនួនអ្នករបួស៖ កើនឡើង ២០៩នាក់ (១៥%)
និន្នាការនេះបានបន្តកើនឡើងគួរឱ្យព្រួយបារម្ភនៅដើមឆ្នាំ២០២៦ ដោយក្នុងខែមករា តែមួយខែ គ្រោះថ្នាក់បានកើនឡើងដល់ ៤២លើក (១៩%) បើធៀបនឹងខែមករា ឆ្នាំ២០២៥។
២. មូលហេតុចម្បងនៃគ្រោះថ្នាក់តាមការវិភាគទិន្នន័យ មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ភាគច្រើន កើតចេញពីកត្តាមនុស្ស និងការបំពានច្បាប់៖មូលហេតុបង្កភាគរយ (%)បើកបរលើសល្បឿនកំណត់៤៧%មិនគោរពសិទ្ធិអាទិភាព២១%មិនប្រកាន់ស្តាំ១០%ជែងក្នុងស្ថានភាពគ្រោះថ្នាក់៧%កត្តាផ្សេងៗ (ស្រវឹង, បត់, យានយន្ត…)១៥%
៣. ទិសដៅយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្ត
ការរឹតបន្តឹងច្បាប់ឡើងវិញនេះ ធ្វើឡើងក្នុងគោលបំណង៖
• គាំទ្រយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។
• សម្រេចផែនការទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ ផ្លូវគោក ២០២០-២០៣០។
• កាត់បន្ថយជាអតិបរមា នូវចំនួនអ្នកស្លាប់ របួស និងការខូចខាតទ្រព្យសម្បត្តិសាធារណៈ-ឯកជន។
៤. ការអំពាវនាវដល់សាធារណជន
អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញក្តីសង្ឃឹម និងអំពាវនាវដល់គ្រប់ស្ថាប័នរដ្ឋ ឯកជន អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋគ្រប់រូប៖
“សូមចូលរួមអនុវត្តច្បាប់ដោយស្មារតីម្ចាស់ការ ប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ដើម្បីនាំមកនូវសុវត្ថិភាពគ្រប់កាលៈទេសៈ ស្របតាមពាក្យស្លោក ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍។”
រាយការណ៍ព័ត៌មានដោយ:លោក រ៉េត ឌីណេត ០៨១ ៨៨៨ ៧៦៧
ថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦
