អស់រយៈពេលជាច្រើនឆ្នាំមកហើយ តំបន់ជុំវិញផ្សារច្បារអំពៅ មានភាពមមាញឹកជាខ្លាំង ព្រោះថាតំបន់នោះគឺជាទីកន្លែងប្រជុំទៅដោយការដោះដូរទំនិញរបស់បងប្អូនអាជីវករទាំងតូចទាំងធំ ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កើនសេដ្ឋកិច្ចគ្រួសារ។ យ៉ាងណាមិញ នាពេលបច្ចុប្បន្ននេះ ដោយសារកំណើនប្រជាពលរដ្ឋ និងកំណើនយានយន្តកាន់តែកើនឡើង បានបង្កជាបញ្ហាដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងបាត់បង់សណ្តាប់ធ្នាប់នៅត្រង់ចំណុចនោះផងដែរ។
នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ នេះ ដោយមានការណែនាំចង្អុលបង្ហាញពីលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ លោកបានចាត់តាំង លោកអភិបាលរង ជា ចាន់ស៊ាង និងលោក ផង់ វណ្ណា ប្រធានផ្នែកសណ្ដាប់ធ្នាប់ខណ្ឌ ដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ សហការជាមួយលោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅ ចុះណែនាំ និងពន្យល់ដល់បងប្អូនអាជីវករដែលលក់ដូរតាមចិញ្ចើមផ្លូវ ព្រមទាំងបងប្អូនអ្នករត់កង់បី តាក់ស៊ី និងរ៉ឺម៉ក ដែលចតអនាធិបតេយ្យពាសវាលពាសកាល នៅតាមបណ្តោយផ្លូវលេខ ៣៦៩ ស្ថិតក្នុងសង្កាត់ផ្សារច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងនោះផងដែរ លោកអភិបាលរង ជា ចាន់ស៊ាង ព្រមទាំងលោក ផង់ វណ្ណា ក៏បានត្រួតពិនិត្យឡើងវិញនូវការរៀបចំចំណតចត ដែលបានកំណត់ដោយគំនូសបន្ទាត់ពីមុនមក ដើម្បីសិក្សាបន្ថែមថាតើគួរសម្រួលបែបណា ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ និងមានកន្លែងចតសមរម្យសម្រាប់អតិថិជនចូលទិញទំនិញ។
បន្ថែមលើនេះ ចំពោះបងប្អូនដែលប្រកបមុខរបរនៅតាមទីលំនៅដ្ឋាន អាជ្ញាធរក៏បានស្នើសុំឱ្យរៀបចំសម្ភារៈលក់ដូររបស់ខ្លួន ដោយខិតថយទៅក្រោយបន្ថែមទៀត ដើម្បីរក្សាចិញ្ចើមផ្លូវទុកជូនអ្នកថ្មើរជើងបានធ្វើដំណើរ និងបង្កភាពងាយស្រួលដល់អតិថិជនដែលចូលមកទិញទំនិញផងដែរ។
សូមបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ ឡើយ ចំពោះទីតាំងខាងលើនេះ ដែលកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌតែងតែចុះមករៀបចំ និងណែនាំជាបន្តបន្ទាប់។
ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានព្រមានទុកជាមុនផងដែរថា ប្រសិនបើនៅតែមានការរំលោភបំពាន អាជ្ញាធរនឹងប្រើប្រាស់វិធានការក្តៅ ដោយធ្វើការដកហូតរាល់សម្ភារៈទាំងឡាយណាដែលដាក់លក់រំលោភលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ និងផាកពិន័យចំពោះយានយន្តគ្រប់ប្រភេទ (តាក់ស៊ី រ៉ឺម៉ក ម៉ូតូ និងកង់បី) ដែលនៅតែបន្តចតរញ៉េរញ៉ៃ បាត់បង់សណ្តាប់ធ្នាប់ និងបង្កការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ជាចុងក្រោយ ក្នុងនាមរដ្ឋបាលខណ្ឌច្បារអំពៅ អាជ្ញាធរសង្ឃឹមយ៉ាងមុតមាំថា បងប្អូនអាជីវករ ជាពិសេសបងប្អូនអ្នករត់តាក់ស៊ី រ៉ឺម៉ក និងកង់បីទាំងអស់ ដែលធ្លាប់ចតដោយគ្មានសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវលេខ ៣៦៩ នឹងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងខណ្ឌច្បារអំពៅរបស់យើង ឱ្យមានអនាម័យ បរិស្ថាន សោភ័ណភាពល្អស្អាត និងមានរបៀបរៀបរយកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
អត្ថបទ :លោក រ៉េត ឌីណេត កោះឯករាជ្យ
ផ្សាយចេញ :ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦
