ភ្នំពេញ៖ រដ្ឋបាលខណ្ឌឫស្សីកែវ បានចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺមួយ កាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ ជុំវិញករណីការដ្ឋានកាត់ទទឹងផ្លូវបេតុងថ្មី (អតីតផ្លូវរថភ្លើង) ស្ថិតក្នុងមូលដ្ឋានសង្កាត់ទួលសង្កែទី១ ដើម្បីរៀបចំប្រព័ន្ធលូរំដោះទឹកជំនន់ទឹកភ្លៀងបន្ថែមចំនួន ១ខ្សែ។ ការចេញមកបកស្រាយនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ និងការចុះផ្សាយពីបណ្តាញសារព័ត៌មានមួយចំនួនជុំវិញផលប៉ះពាល់នៃការដ្ឋានមួយនេះ។
យោងតាមការបញ្ជាក់ពីទំព័រផ្លូវការរបស់រដ្ឋបាលខណ្ឌឫស្សីកែវ គម្រោងកាត់ផ្លូវបេតុងដែលទើបនឹងស្ថាបនារួចនេះ គឺជារឿងចាំបាច់មិនអាចខ្វះបាន ដើម្បីដោះស្រាយបញ្ហាជន់លិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដែលតែងតែកើតមានឡើងជារៀងរាល់រដូវវស្សា។
មូលហេតុបច្ចេកទេស និងតំបន់រងការលិចលង់
អាជ្ញាធរបានគូសបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រសង្កាត់ចំនួន២ តែងតែរងការលិចលង់ធ្ងន់ធ្ងរ រួមមាន៖
សង្កាត់ទួលសង្កែទី១៖ លិចលង់កំណាត់ផ្លូវលេខ៩៣ (ស្ថិតនៅក្រុមទី២, ទី៣ ភូមិផ្សារតូច និងក្រុមទី១៥ ភូមិចុងខ្សាច់ ជាប់ព្រំប្រទល់ភូមិសាមគ្គី)។
សង្កាត់ឫស្សីកែវ៖ លិចលង់នៅតំបន់ភូមិឃ្លាំងសាំង និងភូមិសាមគ្គី។
យោងតាមការពិនិត្យផ្នែកបច្ចេកទេស ប្រព័ន្ធលូចាស់ដែលកាត់ទទឹងអតីតផ្លូវរថភ្លើងនោះ មានទំហំតូចពេក មិនអាចបូម ឬរំដោះទឹកភ្លៀងបានទាន់ពេលវេលានោះទេ ដែលជាហេតុធ្វើឱ្យទឹកហូរយឺត និងដក់លិចលំនៅដ្ឋានប្រជាពលរដ្ឋក្នុងរយៈពេលយូរ បង្កផលលំបាកដល់ការរស់នៅ និងជីវភាពប្រចាំថ្ងៃ។
ដំណោះស្រាយ និងការសម្របសម្រួលចរាចរណ៍
ដើម្បីដោះស្រាយបញ្ហានេះ ជាកត្តាចម្បងត្រូវស្ថាបនាប្រព័ន្ធលូរំដោះទឹកថ្មី ដោយអូសទាញទឹកចេញពីតំបន់ព្រំប្រទល់សង្កាត់ទាំងពីរ ឱ្យហូរកាត់ក្រោមផ្លូវបេតុងថ្មីនេះ រួចតភ្ជាប់ទៅប្រព័ន្ធលូមេផ្លូវលេខ៩៩ ឆ្ពោះទៅទម្លាក់ចូលព្រែកអូវែង និងបន្តហូរចូលទៅទន្លេសាប តាមរយៈស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងសង្កាត់ស្វាយប៉ាក។
ជុំវិញការចុះផ្សាយរបស់បណ្តាញព័ត៌មានមួយចំនួនដែលថា «ផ្លូវបេតុងថ្មីទើបសាងសង់រួច តែត្រូវកាត់ដាក់លូ» និងបង្កឱ្យមានការកកស្ទះចរាចរណ៍នោះ អាជ្ញាធរខណ្ឌបានទទួលស្គាល់ថា ពិតជាមានការកកស្ទះមួយខណៈពេលពិតមែន ក្នុងអំឡុងពេលដែលគ្រឿងចក្រកំពុងអនុវត្តការងារ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលខណ្ឌឫស្សីកែវ បានអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យ ដោយសារគម្រោងការដ្ឋាននេះគ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះហើយ។ អាជ្ញាធរក៏បានសន្យាផងដែរថា ក្រោយពេលដាក់លូរួចរាល់ ផ្នែកបេតុងដែលបានកាត់បំផ្លាញនោះ នឹងត្រូវចាក់បំពេញ និងកែច្នៃឱ្យមានសោភ័ណភាព ក៏ដូចជាគុណភាពរឹងមាំឡើងវិញដូចដើម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕
រៀបចំដោយ៖លោក រ៉េត ឌីណេត (កោះឯករាជ្យ)
ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦
