ខេត្តក្រចេះ៖ នាព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម ភឺន ផល្លា អនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីជួបសំណេះសំណាលដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងមន្ត្រីរាជការ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាជុំវិញខេត្តក្រចេះ។
ពិធីសំណេះសំណាលដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងសួរសុខទុក្ខ ក៏ដូចជាពង្រឹងយន្តការការងារ និងកិច្ចសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញការអភិវឌ្ឍ និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះដែរ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករ។
វត្តមានរបស់ ឯកឧត្តម ភឺន ផល្លា ក្នុងពិធីនេះ មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចការងារសង្គមនិងបក្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់កិត្តិយស និងជាការលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់ក្រុមការងារ ព្រមទាំងសមាជិក សមាជិកា គណបក្សនៅមូលដ្ឋានខេត្តក្រចេះផ្ទាល់ផងដែរ។
អត្ថបទ៖ (លោក រ៉េត ឌីណេត កោះឯករាជ្យ)
ផ្សាយចេញ៖ថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦
