ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ គឺជាកិច្ចការងារមួយដែលមើលទៅហាក់បីដូចជាងាយស្រួល ប៉ុន្តែនៅពេលចុះអនុវត្តជាក់ស្ដែង គឺមានភាពស្មុគស្មាញ និងអាចមានផលប៉ះពាល់ទាំងវិជ្ជមាន និងអវិជ្ជមាន។ ជាពិសេសនៅតាមតំបន់ទីប្រជុំជន ដែលទាមទារឱ្យថ្នាក់ដឹកនាំមូលដ្ឋាន និងកម្លាំងសណ្ដាប់ធ្នាប់ ត្រូវចេះប្រើប្រាស់យុទ្ធសាស្ត្រ ចិត្តសាស្ត្រ ប្រកបដោយក្រមសីលធម៌ ភាពទន់ភ្លន់ និងព្យាយាមអប់រំណែនាំពន្យល់ជាច្រើនលើកច្រើនសារ ធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ បានយល់ដឹងកាន់តែច្បាស់ ក្រោមយន្តការ «ឈ្នះ-ឈ្នះ» ទាំងអស់គ្នា មុននឹងឈានទៅដល់ការអនុវត្តវិធានការតាមផ្លូវច្បាប់។
ខណ្ឌច្បារអំពៅ៖
បងប្អូនទស្សនិកជនជាទីមេត្រី! អនុវត្តតាមបទបញ្ជារបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថានក្នុងរាជធានីភ្នំពេញ ទាំង ១៤ខណ្ឌ និងដោយមានការណែនាំចង្អុលបង្ហាញពី លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកអភិបាលខណ្ឌ បានចាត់តាំង លោក ផង់ វណ្ណា ប្រធានផ្នែកសណ្ដាប់ធ្នាប់ខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ សហការជាមួយ លោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅ ចុះរៀបចំបាញ់ថ្នាំគូសគំនូសបន្ទាត់សញ្ញា ដើម្បីកំណត់ការចតយានយន្ត និងសិទ្ធិប្រើប្រាស់ចិញ្ចើមផ្លូវរបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៣៦៩ សង្កាត់ផ្សារច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះផងដែរ លោក ផង់ វណ្ណា ក៏បានពិភាក្សាជាមួយ លោក គួច ចំណាន ដើម្បីត្រួតពិនិត្យឡើងវិញនូវការរៀបចំចំណតរថយន្ត និងម៉ូតូ នៅខាងមុខផ្សារ ដែលបានកំណត់ដោយគំនូសបន្ទាត់ពណ៌ក្រហមពីមុនមក។ ការពិនិត្យនេះ គឺដើម្បីសិក្សាកាត់បន្ថយគម្លាតបន្ថែមទៀត ធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ទទួលបានផ្លូវធំទូលាយជាងមុន និងដើម្បីឱ្យអតិថិជនងាយស្រួលចតយានយន្តចូលទិញទំនិញបានគ្រប់ៗគ្នា។ បន្ថែមលើនេះ ចំពោះបងប្អូនដែលប្រកបមុខរបរតាមទីលំនៅឋាន លោកប្រធានផ្នែកសណ្ដាប់ធ្នាប់ក៏បានស្នើសុំឱ្យរៀបចំសម្ភារលក់ដូរដោយខ្លួនឯង ខិតថយទៅក្រោយតាមគំនូសបន្ទាត់ដែលបានកំណត់ ដើម្បីរក្សាចំណីចិញ្ចើមផ្លូវទុកជូនអ្នកថ្មើរជើងបានធ្វើដំណើរផងដែរ។
ជាចុងក្រោយ រដ្ឋបាលខណ្ឌច្បារអំពៅ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនអាជីវករ ជាពិសេសបងប្អូនអ្នករត់តាក់ស៊ី រ៉ឺម៉កកង់បីទាំងអស់ ដែលកន្លងមកនិយមចតអនាធិបតេយ្យនៅតាមបណ្ដោយផ្លូវលេខ ៣៦៩ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ នឹងចូលរួមសហការអនុវត្តគោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារសណ្ដាប់ធ្នាប់។ ប្រសិនបើនៅតែបន្តល្មើស អាជ្ញាធរនឹងឈានទៅដល់ការអនុវត្តវិធានការរឹតបន្តឹងតាមគោលការណ៍ច្បាប់ យោងតាមមាត្រាទី២៩ ស្តីពីចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ ដោយត្រូវផាកពិន័យជាទឹកប្រាក់ចាប់ពី ១០ម៉ឺនរៀល រហូតដល់ ១លានរៀល ដោយមិនមានការលើកលែងឡើយ។
អត្ថបទ: លោក រ៉េត ឌីណេត កោះឯករាជ្យ
ផ្សាយចេញ:ថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦
