លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ដឹកនាំចុះអនុវត្តវិធានការរុះរើសំណង់មួយកន្លែង ដែលសាងសង់រំលោភលើដីកម្មសិទ្ធិ បន្ទាប់ពីការណែនាំជាច្រើនលើក
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌឫស្សីកែវ បានចុះអនុវត្តវិធានការរដ្ឋបាល ដោយធ្វើការរុះរើការដ្ឋានសាងសង់មួយកន្លែង ស្ថិតនៅក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៦ នេះ បន្ទាប់ពីរកឃើញថា សំណង់នោះបានសាងសង់ល្មើសច្បាប់ និងរំលោភហួសពីដីកម្មសិទ្ធិ។
ប្រតិបត្តិការចុះពិនិត្យ និងអនុវត្តវិធានការច្បាប់នេះ ដឹកនាំដោយ លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ព្រមទាំងមានការចូលរួមពីកម្លាំងមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
យោងតាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា មុនឈានដល់ការសម្រេចចិត្តចុះអនុវត្តវិធានការរុះរើនាពេលនេះ រដ្ឋបាលខណ្ឌឫស្សីកែវ និងមន្ត្រីជំនាញធ្លាប់បានចុះធ្វើការណែនាំ ក៏ដូចជាជម្រុញឱ្យម្ចាស់ការដ្ឋានកែសម្រួលតាមលក្ខណៈបច្ចេកទេសច្បាប់ជាច្រើនលើកច្រើនសាររួចមកហើយ។ ទោះជាយ៉ាងណា ដោយសារមិនមានការសហការ ឬអនុវត្តតាមការណែនាំ ទើបអាជ្ញាធរខណ្ឌសម្រេចចិត្តប្រើប្រាស់វិធានការរដ្ឋបាល ដើម្បីធានាបាននូវការគោរពច្បាប់សំណង់ និងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយជាសាធារណៈ។
បច្ចុប្បន្ន ក្រុមការងារជំនាញកំពុងបន្តនីតិវិធីដោះស្រាយ និងរៀបចំទីតាំងខាងលើឱ្យស្របទៅតាមបទដ្ឋានគតិយុត្តជាធរមាន៕
អត្ថបទ:លោក រ៉េត ឌីណេត (កោះឯករាជ្យ)
ថ្ងៃសៅរ៍ ៦រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦
