ភ្នំពេញ៖ ក្នុងគោលដៅពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា រដ្ឋបាលខណ្ឌបឹងកេងកង កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលនៅតាមបណ្តា ខុនដូ អាផាតមិន និងសណ្ឋាគារមួយចំនួន ដែលសង្ស័យថាអាចមានការពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
ប្រតិបត្តិការនេះដឹកនាំដោយ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការចូលរួមពីអភិបាលរងខណ្ឌ និងកម្លាំងជំនាញ ពង្រាយតាមគោលដៅចំនួន ៧ក្រុម លើទីតាំងសរុបចំនួន ៨កន្លែង៖
១. លទ្ធផលនៃការចុះត្រួតពិនិត្យតាមក្រុមការងារ៖
ក្រុមទី១ (ដឹកនាំដោយលោកអភិបាលខណ្ឌ)៖ ចុះពិនិត្យភោជនីយដ្ឋាន OPPA និងផ្ទះបោះពុម្ពមួយកន្លែង នៅផ្លូវលេខ៣០៦ សង្កាត់បឹងកេងកងទី១។ លទ្ធផលបង្ហាញថា ពុំមានជនបរទេសស្នាក់នៅឡើយ។
ក្រុមទី២ (ដឹកនាំដោយលោក ហួត លាភពិសិដ្ឋ)៖ ពិនិត្យក្រុមហ៊ុន SCS GLOBAL CONSULTING ក្នុងសង្កាត់បឹងកេងកងទី២ រកឃើញបុគ្គលិក ១០នាក់ និងជនបរទេសម្នាក់។
ក្រុមទី៣ (ដឹកនាំដោយលោក កឹម ណៃ វីរៈខេមរា)៖ ពិនិត្យខុនដូ De Castle Royal សង្កាត់បឹងកេងកងទី១ រកឃើញជនបរទេស ៧៩នាក់ (១៦សញ្ជាតិ) ស្នាក់នៅក្នុងចំណោមបន្ទប់សរុប ៤១៤។
ក្រុមទី៤ (ដឹកនាំដោយលោក ហេង ពិសិដ្ឋ)៖ ពិនិត្យអាផាតមិនលេខ៦០ សង្កាត់បឹងកេងកងទី៣ រកឃើញជនបរទេស ២០នាក់ (០៨សញ្ជាតិ)។
ក្រុមទី៥ (ដឹកនាំដោយលោក សុខ វីរៈ)៖ ពិនិត្យឃ្លាំងលេខ៨ សង្កាត់ទំនប់ទឹក រកឃើញជនបរទេស ៤នាក់។
ក្រុមទី៦ (ដឹកនាំដោយលោក ជ្រុន ថេរ៉ាវង្ស)៖ ពិនិត្យសណ្ឋាគារ ដោន ថាម ហូលថេល សង្កាត់អូឡាំពិក រកឃើញជនបរទេសស្នាក់នៅ ២នាក់។
ក្រុមទី៧ (ដឹកនាំដោយលោកស្រី ស៊ិន រតនា)៖ ពិនិត្យអាផាតមិន KJKs Residence សង្កាត់ទួលស្វាយព្រៃទី២ រកឃើញជនបរទេស ១៣នាក់ (០៤សញ្ជាតិ)។
២. សេចក្តីសរុបនៃប្រតិបត្តិការ៖
ជាលទ្ធផលរួម អាជ្ញាធរបានពិនិត្យបន្ទប់ស្នាក់នៅសរុបចំនួន ៥៤៥បន្ទប់ និងបានធ្វើការត្រួតពិនិត្យលើជនបរទេសសរុប ១១៩នាក់ (ស្មើនឹង ២៥សញ្ជាតិ)។ យោងតាមការបញ្ជាក់ពីអាជ្ញាធរ ជនបរទេសទាំងអស់មានលិខិតឆ្លងដែនត្រឹមត្រូវ ហើយនៅក្នុងប្រតិបត្តិការនេះ ពុំមានការរកឃើញបទល្មើស Online Scam នៅក្នុងទីតាំងទាំង ៨ខាងលើនោះទេ។
៣. ការអំពាវនាវ និងការថ្លែងអំណរគុណ៖
នាឱកាសនោះ លោក សុខ សម្បត្តិ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ម្ចាស់ទីតាំង និងសហការី ដែលបានផ្តល់ព័ត៌មាន និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ។ លោកបានបញ្ជាក់ថា ការតាមដាន និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា ជាកិច្ចការអាទិភាព ដើម្បីធានាឱ្យបាននូវសុវត្ថិភាព និងភាពស្អាតស្អំនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ក៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល៕
អត្ថបទ៖ លោក រ៉េត ឌីណេត (កឯករាជ្យ)
ថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦
