ក្រសួងព័ត៌មាន បើកវគ្គបណ្តុះបណ្តាល «ជំនាញបច្ចេកទេសសារព័ត៌មាន» ដើម្បីពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈដល់សិក្ខាកាមប្រមាណ ១០០នាក់
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកទេសសារព័ត៌មាន» ដែលប្រារព្ធឡើងនៅសាលបណ្តុះបណ្តាលវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងមន្ត្រីរាជការមកពីមន្ទីរព័ត៌មានរាជធានី-ខេត្ត និងអ្នកសារព័ត៌មានសរុបប្រមាណ ១០០នាក់ ដែលជាសិក្ខាកាមផ្ទាល់។
គោលបំណងសំខាន់ៗនៃវគ្គបណ្តុះបណ្តាល
វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ដោយផ្តោតសំខាន់ទៅលើ៖
ការពង្រឹងសមត្ថភាព និងចំណេះដឹង៖ លើជំនាញសរសេរព័ត៌មាន ជំនាញសម្ភាសន៍ និងបច្ចេកទេសក្នុងការប្រមូលព័ត៌មាន។
ការធ្វើបរិវត្ដកម្មឌីជីថល៖ បង្កើនសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងប្រព័ន្ធផ្សព្វផ្សាយទំនើប។
ការលើកកម្ពស់ក្រមសីលធម៌៖ ពង្រឹងសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ឱ្យកាន់តែមានគុណភាព សុក្រឹតភាព និងប្រសិទ្ធភាពក្នុងការការបំពេញភារកិច្ច។
សម្គាល់៖ ការពង្រឹងសីលធម៌វិជ្ជាជីវៈ និងសមត្ថភាពបច្ចេកទេស គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងទំនុកចិត្តពីសាធារណជន និងធានាបាននូវតម្លៃនៃព័ត៌មានពិតនៅក្នុងសង្គមឌីជីថល។
អត្ថបទ ៖ លោក រ៉េត ឌីណេត កោះឯករាជ្យ
ផ្សាយចេញ៖ថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦
