លោក អែតដា ដូរ៉ាមី អភិបាលរងស្រុកខ្សាច់កណ្តាល ដឹកនាំកម្លាំងចម្រុះចុះពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើសតាមទីតាំងស្នាក់នៅប្រមូលផ្តុំ
ខេត្តកណ្តាល៖ បង្ហាញពីការទទួលខុសត្រូវខ្ពស់លើការងារសន្តិសុខសង្គម និងសុវត្ថិភាពជូនប្រជាពលរដ្ឋ លោក អែតដា ដូរ៉ាមី អភិបាលរងនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះធ្វើការត្រួតពិនិត្យរដ្ឋបាលយ៉ាងម៉ឺងម៉ាត់ នៅតាមបណ្តាទីតាំងយុទ្ធសាស្ត្រមួយចំនួនក្នុងមូលដ្ឋាន។
កិច្ចប្រតិបត្តិការដ៏សកម្មនេះ ត្រូវបានធ្វើឡើងស្របតាមការចង្អុលបង្ហាញ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងក្រោមការសម្របសម្រួលដឹកនាំដោយ លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល។
នៅក្នុងបេសកកម្មចុះផ្ទាល់ដល់ទីតាំងនេះ លោក អែតដា ដូរ៉ាមី បានដឹកនាំកម្លាំងចម្រុះពិនិត្យយ៉ាងល្អិតល្អន់ និងផ្ទៀងផ្ទាត់ការស្នាក់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាជនបរទេស នៅតាមបណ្តាខុនដូ បុរី ផ្ទះសំណាក់ និងផ្ទះជួលនានា ជាពិសេសនៅតាមចំណុចស្នាក់នៅប្រមូលផ្តុំធំៗ។
សកម្មភាពចុះត្រួតពិនិត្យដោយផ្ទាល់របស់លោកអភិបាលរងស្រុក នាពេលនេះ គឺដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនស្រុកខ្សាច់កណ្តាលទាំងមូល ព្រមទាំងជាវិធានការក្តៅក្នុងការបង្ការ និងទប់ស្កាត់ជាមុន មិនឱ្យមានការលួចលាក់ប្រើប្រាស់ទីតាំងណាមួយ ក្នុងរូបភាពប្រព្រឹត្តបទល្មើសគ្រប់ប្រភេទឡើយ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scam Online)។
ឆ្លៀតក្នុងឱកាសនោះដែរ លោក អែតដា ដូរ៉ាមី ក៏បានធ្វើការណែនាំ និងអប់រំផ្សព្វផ្សាយយ៉ាងម៉ឺងម៉ាត់ដល់ម្ចាស់ទីតាំងអាជីវកម្ម និងផ្ទះជួលទាំងអស់ ត្រូវតែសហការខ្ពស់ជាមួយអាជ្ញាធរ ដោយត្រូវរាយការណ៍ និងធ្វើបច្ចុប្បន្នភាពទិន្នន័យអ្នកស្នាក់នៅឱ្យបានច្បាស់លាស់ជាប្រចាំ ដើម្បីរួមគ្នាកសាងសហគមន៍មួយដែលមានសុវត្ថិភាព និងគ្មានបទល្មើស៕
អត្ថបទ៖ លោក រ៉េត ឌីណេត កោះឯករាជ្យ
ផ្សាយចេញ៖ ថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦
