ក្រសួងបរិស្ថាន៖ កម្ពុជាគ្រោងកៀរគរទុនវិនិយោគបៃតងជាង ៣២ប៊ីលានដុល្លារ ក្នុងរយៈពេល១០ឆ្នាំ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ២០៣៥
ភ្នំពេញ៖ កម្ពុជាត្រូវបានចាត់ទុកជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតដោយសារការប្រែប្រួលអាកាសធាតុ។ ទោះជាយ៉ាងណាក៏ដោយ កម្ពុជាបាននិងកំពុងបំប្លែងការប្រឈមទាំងនេះទៅជាឱកាស ដើម្បីឈានទៅសម្រេចបាននូវសសរស្តម្ភចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅលើឆាកអន្តរជាតិ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។
នេះជាប្រសាសន៍ថ្លែងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងពិធីបើក «សិក្ខាសាលាកសាងសមត្ថភាព និងចែករំលែកចំណេះដឹង ក្រោមមូលបទ៖ ប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាព និងស្តង់ដារនៃការលាតត្រដាងព័ត៌មានអំពីចីរភាព (IFRS)» កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នា hotel Hyatt Regency ភ្នំពេញ។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បានដាក់ចេញនូវការអភិវឌ្ឍប្រកបដោយចីរភាពជាស្នូលនៃការផ្លាស់ប្តូរសេដ្ឋកិច្ច។ ស្របតាមទិសដៅនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដែលផ្តោតលើសសរស្តម្ភគន្លឹះចំនួន៣ គឺ៖ ភាពស្អាត ភាពបៃតង និងចីរភាព។
ដើម្បីសម្រេចបាននូវចីរភាពនេះ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (NDC 3.0) ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។
ឯកឧត្តម អ៊ាង សុផល្លែត បានរំលេចបន្ថែមថា ការកំណត់គោលដៅជាក់លាក់ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបានរហូតដល់ ៥៥% នៅត្រឹមឆ្នាំ២០៣៥ ដែលគ្រោងនឹងប្រើប្រាស់ទុនវិនិយោគបៃតងជាង ៣២ ប៊ីលានដុល្លារអាមេរិក ក្នុងរយៈពេល១០ឆ្នាំខាងមុខ គឺជាយន្តការដ៏មានសារសំខាន់ក្នុងការកៀរគរធនធានថវិកាពីបណ្តាប្រទេសអភិវឌ្ឍន៍ដែលជាប់កាតព្វកិច្ច។
គិតមកទល់ពេលនេះ ទុនសរុបដែលត្រូវបានប្រកាសផ្តល់ និងកៀរគរក្រោមមូលនិធិអាកាសធាតុបៃតង (GCF) មានចំនួនលើសពី ៣០ ប៊ីលានដុល្លារអាមេរិកហើយ។ ដូច្នេះ ការរួមគ្នាបង្កើត «ឧបករណ៍ហិរញ្ញវត្ថុច្នៃប្រឌិត» សំដៅកសាងប្រទេសកម្ពុជាឱ្យសម្រេចបាននូវអនាគតមួយដែលមានភាពស្អាត ភាពបៃតង មានភាពធន់ និងចីរភាព គឺជាទិសដៅ និងគោលបំណងចម្បងនៃសិក្ខាសាលានេះ៕
អត្ថបទដោយ៖ លោក រ៉េត ឌីណេត
ផ្សាយចេញ៖ ថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦
