លោក ចាន់ តារា ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពក្រុងអរិយក្សត្រ ដាក់ទិសដៅក្តៅពង្រឹងសន្តិសុខ និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញ
ខេត្តកណ្តាល៖ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងអរិយក្សត្រ បានបើកកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្រោមការដឹកនាំផ្ទាល់ពី លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ ដើម្បីពិភាក្សាលើវឌ្ឍនភាពការងារពហុវិស័យ និងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រសំខាន់ៗក្នុងការគ្រប់គ្រងមូលដ្ឋាន។
ផ្តោតការយកចិត្តទុកដាក់លើការបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Scam Online)
ជាកិច្ចចាប់ផ្តើម និងបើកកិច្ចប្រជុំ លោកអភិបាលក្រុង បានជម្រាបជូនអង្គប្រជុំដោយផ្តោតសំខាន់លើប្រធានបទការបង្ការ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅក្នុងមូលដ្ឋានក្រុងអរិយក្សត្រ។ ជាមួយគ្នានោះ អង្គពិធីក៏បានស្តាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅការងារខែបន្ទាប់ ដែលរាយការណ៍ដោយលោកមេបញ្ជាការកងកម្លាំងទាំង៣ ក្រុង។ របាយការណ៍បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លទ្ធផលនៃការបង្រ្កាបបទល្មើសផ្សេងៗ និងការងារគ្រប់គ្រងរដ្ឋបាលដែនដីក្នុងទូទាំងក្រុង។
បន្ថែមពីនេះ អង្គប្រជុំក៏បានស្ដាប់ និងពិភាក្សាលើរបៀបវារៈសំខាន់ៗជាច្រើនទៀត រួមមាន៖
ការងារអប់រំ យុវជន និងកីឡា ព្រមទាំងវឌ្ឍនភាពការងារស្តីពីការអនុវត្តគម្រោងមូលនិធិសង្កាត់។
វឌ្ឍនភាពការងារជំរុញលើការចែកប័ណ្ណកម្មសិទ្ធិដីធ្លី (ពន្ធសូន្យ) ដែលនៅសេសសល់ជូនប្រជាពលរដ្ឋ។
ការងារបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទ។
ការងារស្ថាបនាផ្លូវ និងដាក់លូរំដោះទឹកលើកំណាត់ផ្លូវជាតិលេខ៧០បេ។
ការគ្រប់គ្រងជនបរទេសស្នាក់នៅប្រមូលផ្តុំក្នុងមូលដ្ឋាន និងការងារផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ។
ការវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំ និងការដាក់ចេញទិសដៅការងារ ៤ ចំណុច
មានប្រសាសន៍ដឹកនាំ និងបូកសរុបនៅក្នុងកិច្ចប្រជុំនោះ លោក ចាន់ តារា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរសង្កាត់ទាំងអស់ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចជូនប្រជាពលរដ្ឋយ៉ាងសកម្មនាពេលកន្លងមក ពិសេសការបង្ការ និងទប់ស្កាត់ការយកមូលដ្ឋានក្រុងអរិយក្សត្រធ្វើជាទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online)។
ទន្ទឹមនឹងនេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង លោកអភិបាលបានដាក់ចេញនូវទិសដៅការងារសំខាន់ៗ និងណែនាំដល់អង្គប្រជុំដូចខាងក្រោម៖
១. ការបង្ការ និងទប់ស្កាត់បទល្មើសឆបោកតាមអនឡាញ (Scam Online)៖ ត្រូវអនុវត្តផែនការ និងចាត់តាំងក្រុមការងារដើម្បីចុះបង្ការ និងទប់ស្កាត់ ដោយបែងចែកកម្លាំងចុះតាមគោលដៅយុទ្ធសាស្ត្រក្នុងសង្កាត់, បង្កើនកិច្ចសហការ និងការយល់ដឹងដល់គ្រប់ភាគីពាក់ព័ន្ធ រួមទាំងធ្វើរបាយការណ៍បូកសរុបជូនគណៈបញ្ជាការឯកភាពក្រុង។
២. ពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»៖ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការបង្ក្រាបរាល់បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងជាពិសេសគឺបញ្ហាគ្រឿងញៀន និងក្រុមក្មេងទំនើងនៅតាមសហគមន៍។
៣. ការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថាន៖ ត្រូវបន្តរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវធំៗក្នុងក្រុង ជៀសវាងការរំលោភយកចំណីផ្លូវធ្វើអាជីវកម្ម ដែលបង្កឱ្យបាត់បង់សោភ័ណភាព និងជំរុញការគ្រប់គ្រងកាកសំណល់សម្រាមឱ្យបានល្អ។
៤. ការផ្តល់សេវាសាធារណៈ៖ ត្រូវបន្តលើកកម្ពស់គុណភាព និងល្បឿននៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅច្រកចេញចូលតែមួយ ទាំងកម្រិតក្រុង និងកម្រិតឃុំ ដោយឈរលើគោលការណ៍តម្លាភាព គណនេយ្យភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងក្រុង, នាយករដ្ឋបាល, នាយករងរដ្ឋបាល, លោកអធិការនគរបាលក្រុង, លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុង, លោក-លោកស្រី ប្រធានការិយាល័យ-អង្គភាពចំណុះរដ្ឋបាលក្រុង, លោកចៅសង្កាត់, លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់, កម្លាំងប្រជាការពារសង្កាត់, និងលោក លោកស្រី តំណាងក្រុមហ៊ុនបុរី ប្រតិបត្តិករអគ្គិសនី និងក្រុមហ៊ុនប្រមូលសំរាមផងដែរ៕
អត្ថបទ៖ លោក រ៉េត ឌីណេត កោះឯករាជ្យ
ប្រភព៖ រដ្ឋបាលក្រុមអរិយក្សត្រ
ផ្សាយចេញ៖ ថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦
