អភិបាលក្រុងអរិយក្សត្រ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ស្ពានថ្ម នៅសង្កាត់ព្រែកលួង ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ
[រាជធានីភ្នំពេញ/ខេត្តកណ្តាល] ៖ លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ រួមជាមួយអភិបាលរងក្រុង និងមន្ត្រីសហការីពាក់ព័ន្ធ បានចុះពិនិត្យវឌ្ឍនភាពការសាងសង់ស្ពានថ្មមួយកន្លែង ដែលស្ថិតនៅចំណុចចុងភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដើម្បីធានាឱ្យបាននូវគុណភាព និងការសម្រេចតាមផែនការដែលបានកំណត់។
ការចុះពិនិត្យផ្ទាល់ដល់ទីតាំងការដ្ឋាននេះ ធ្វើឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃលើលក្ខណៈបច្ចេកទេស ព្រមទាំងជំរុញល្បឿននៃការសាងសង់ ក្នុងទិសដៅបម្រើដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាពជាងមុន។
ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំរដ្ឋបាលក្រុងអរិយក្សត្រ ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនទទួលការខុសត្រូវសាងសង់ ឱ្យយកចិត្តទុកដាក់ខ្ពស់ទៅលើបទដ្ឋានបច្ចេកទេស ដើម្បីធានាឱ្យសំណង់ស្ពានថ្មនេះមានភាពរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង ស្របតាមគោលនយោបាយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល។
គួររំលឹកផងដែរថា គម្រោងសាងសង់ស្ពានថ្មនៅសង្កាត់ព្រែកលួងនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជួយលើកកម្ពស់សោភ័ណភាព ក៏ដូចជាសេដ្ឋកិច្ចរបស់ក្រុងអរិយក្សត្រ ដែលជាក្រុងទើបបង្កើតថ្មីនៃខេត្តកណ្តាលឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕
អត្ថបទ លោក រ៉េត ឌីណេត កោះឯករាជ្យ
ថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦
