[ខេត្តកណ្តាល] — នាថ្ងៃព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ជា គីមឡេង អភិបាលរងស្រុកខ្សាច់កណ្ដាល តំណាងលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ ដើម្បីចូលរួមបុណ្យសពសមាជិកគ្រួសារមួយ ដែលបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍។
តាមរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏អាភ័ព្វនេះ បានបណ្តាលឱ្យសមាជិកគ្រួសារចំនួន ២នាក់ បាត់បង់ជីវិត ដែលបច្ចុប្បន្នក្រុមគ្រួសារកំពុងរៀបចំពិធីបុណ្យតាមប្រពៃណី ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ក្នុងឱកាសនោះ លោក ជា គីមឡេង បានពាំនាំនូវសារលិខិតចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំពីសំណាក់ថ្នាក់ដឹកនាំស្រុក និងអនុសាខាកាកបាទក្រហម ដោយបានសម្ដែងនូវការសោកស្ដាយជាពន់ពេកចំពោះការបាត់បង់សមាជិកគ្រួសារ និងបានលើកទឹកចិត្តដល់ក្រុមគ្រួសារសពឱ្យខិតខំទប់ស្កាត់ស្មារតីដើម្បីបន្តដំណើរជីវិតទៅមុខទៀត។
ដើម្បីជួយសម្រាលបន្ទុកក្នុងពិធីបុណ្យ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនរួមមាន៖
អង្ករ៖ ១០០ គីឡូក្រាម
ទឹកសុទ្ធ៖ ៤ កេះ
ថវិកា៖ ២០០,០០០ រៀល
សកម្មភាពនេះឆ្លុះបញ្ចាំងពីស្មារតី “វប្បធម៌ចែករំលែក” និងការយកចិត្តទុកដាក់របស់អាជ្ញាធរស្រុក ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលជួបគ្រោះអាសន្ន និងទុក្ខលំបាកដោយយថាហេតុនៅក្នុងមូលដ្ឋាន។ ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕
អត្ថបទដោយ:រ៉េត ឌីណេត
ថ្ងៃព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦
