(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងដាក់ចេញនូវទិសដៅការងារសម្រាប់ខែមីនា ឆ្នាំ២០២៦ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្ត។
• កិច្ចប្រជុំដែលប្រព្រឹត្តទៅនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកណ្តាលនេះ មានការអញ្ជើញចូលរួមពី៖
• លោកអធិការនគរបាលក្រុង-ស្រុក ទាំង១៣។
• លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០៥។
• លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ។
• លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១២៧ ឃុំ-សង្កាត់។
ក្នុងឱកាសនោះ អង្គប្រជុំបានធ្វើការពិភាក្សា និងវាយតម្លៃខ្ពស់លើលទ្ធផលការងារដែលសម្រេចបានក្នុងខែកុម្ភៈ កន្លងមក ជាពិសេសការរក្សាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងការបង្ក្រាបបទល្មើសផ្សេងៗក្នុងមូលដ្ឋាន។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ក៏បានដាក់ចេញនូវផែនការងារ និងទិសដៅសំខាន់ៗសម្រាប់ខែមីនា ដោយសង្កត់ធ្ងន់លើ៖
1 ការបង្កើនការយកចិត្តទុកដាក់លើការងារភូមិ-ឃុំ មានសុវត្ថិភាព។
2 ការត្រៀមលក្ខណៈបង្ការ និងសង្គ្រោះក្នុងគ្រោះមហន្តរាយផ្សេងៗ។
3 ការបន្តពង្រឹងវិន័យកងកម្លាំង និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
កិច្ចប្រជុំនេះបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឈានទៅសម្រេចបាននូវគោលដៅរក្សាសុខសន្តិភាព និងរបៀបរៀបរយសង្គមក្នុងខេត្តកណ្តាលទាំងមូល៕
