ខេត្តកណ្តាល៖ ថ្នាក់ដឹកនាំរដ្ឋបាលក្រុងអរិយក្សត្រ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវាសាធារណៈ តាមរយៈការសម្របសម្រួល និងរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ១៦,៣៦៥បណ្ណ ជូនដល់ប្រជាពលរដ្ឋមកពីភូមិចំនួន ១៣ ក្នុងសង្កាត់ចំនួន៣ នៃក្រុងអរិយក្សត្រ ខេត្តកណ្តាល ដើម្បីធានានូវសុវត្ថិភាពដីធ្លីស្របច្បាប់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើងនៅបរិវេណសាលាក្រុងអរិយក្សត្រ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់៖
ឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការក្រសួងដែនដី នគររូបនីយកម្ម និងសំណង់
ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល
នៅក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំមូលដ្ឋាន រួមមាន លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ និង លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុងអរិយក្សត្រ រួមជាមួយអភិបាលរងក្រុង នាយក-នាយករងរដ្ឋបាលក្រុង និងមន្ត្រីរាជការនៃរដ្ឋបាលក្រុងទាំងអស់ បានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួល និងរៀបចំដំណើរការចែកប័ណ្ណកម្មសិទ្ធិស្របច្បាប់នេះ ប្រកបដោយភាពរលូន និងស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ។
ការចូលរួមយ៉ាងសកម្មរបស់ លោក ចាន់ តារា និង លោក អ៊ុំ ចន ព្រមទាំងក្រុមការងាររដ្ឋបាលក្រុងទាំងមូល ក្នុងព្រឹត្តិការណ៍នេះ បានស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់ និងការទទួលខុសត្រូវក្នុងការអនុវត្តគោលនយោបាយគាំពារប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ស្របតាមសេចក្តីត្រូវការរបស់ប្រជាជន។
សេចក្តីរាយការណ៍បានឱ្យដឹងថា ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ គឺមកពី៖
១ សង្កាត់ព្រែកលួង
២ សង្កាត់បារុង
៣ សង្កាត់ព្រែកអំពិល
ការវាស់វែងដីធ្លី និងការចែកប័ណ្ណកម្មសិទ្ធិនាឱកាសនេះ គឺមានសារៈសំខាន់ណាស់ក្នុងការជួយឱ្យបងប្អូនប្រជាពលរដ្ឋអាចយកទៅប្រើប្រាស់ដើម្បីបង្កបង្កើនផល ទ្រទ្រង់ជីវភាពគ្រួសារ និងប្រើប្រាស់តាមសេចក្តីត្រូវការផ្សេងៗ ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពផ្លូវច្បាប់ទាំងស្រុងលើកម្មសិទ្ធិរបស់ខ្លួន។
ទន្ទឹមនឹងនេះ វាក៏បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តកណ្តាល និងរដ្ឋបាលក្រុងអរិយក្សត្រផ្ទាល់ ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គមជាតិទាំងមូលផងដែរ៕
ក្រោយពីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់មកក្នុងដៃ ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះ បានបង្ហាញនូវក្តីរំភើបរីករាយជាអនេក និងបានចូលរួមសម្តែងការអបអរសាទរយ៉ាងក្រៃលែងចំពោះសមិទ្ធផលដ៏មានតម្លៃនេះ។
តំណាងប្រជាពលរដ្ឋមកពីសង្កាត់ទាំង៣ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក៏ដូចជាថ្នាក់ដឹកនាំខេត្តកណ្តាល ជាពិសេសគឺ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ និង លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង ព្រមទាំងមន្ត្រីរាជការនៃរដ្ឋបាលក្រុងទាំងអស់ ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការសម្របសម្រួល បម្រើសេវាសាធារណៈ និងជំរុញនីតិវិធីវាស់វែងរហូតឈានដល់ការចែកប័ណ្ណកម្មសិទ្ធិនាពេលនេះ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ការទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ មិនត្រឹមតែផ្តល់នូវភាពកក់ក្តៅ និងសុវត្ថិភាពផ្លូវច្បាប់លើដីធ្លីរបស់ពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទុនដ៏សំខាន់ក្នុងការបង្កបង្កើនផល និងអភិវឌ្ឍជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ដែលនេះជាការឆ្លើយតបចំសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាជននៅមូលដ្ឋានយ៉ាងពិតប្រាកដ៕
អត្ថបទ៖ លោក រ៉េត ឌីណេត (កោះឯករាជ្យ)
បរិច្ឆេទ៖ ថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦
