ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសិក្សាថ្មី និងការរៀបចំទីធ្លា នៅសាលាបឋមសិក្សាដើមឫស ស្រុកកណ្តាលស្ទឹង
(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ បានដឹកនាំមន្ត្រីនៃមន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរស្រុកកណ្ដាលស្ទឹង អញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការសាងសង់អគារសិក្សាថ្មី និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅសាលាបឋមសិក្សាដើមឫស (ទីតាំងថ្មី) ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដានការអនុវត្តគម្រោងសាងសង់ឱ្យស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបាននូវគុណភាពរឹងមាំ សោភ័ណភាព និងសុវត្ថិភាពសម្រាប់សិស្សានុសិស្ស។ ផ្អែកតាមទិន្នន័យពីទីតាំងជាក់ស្តែង គម្រោងអភិវឌ្ឍន៍សាលាបឋមសិក្សាដើមឫសនៅទីតាំងថ្មីនេះ រួមមានការសាងសង់អគារសិក្សាចំនួន ២ខ្នង ស្មើនឹង ១០បន្ទប់ ព្រមទាំងការចាក់ដីបំពេញទីធ្លា ដើម្បីរៀបចំជាបរិវេណសាលាដែលមានភាពងាយស្រួល និងមិនលិចទឹកក្នុងរដូវវស្សា។
ជារឿយៗ ថ្នាក់ដឹកនាំខេត្តកណ្តាល តែងតែយកចិត្តទុកដាក់លើការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំនៅតាមមូលដ្ឋាន ដែលជាផ្នែកមួយនៃការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ថា ការរៀបចំទីតាំងថ្មី និងការសាងសង់អគារសិក្សាបន្ថែមនៅសាលាបឋមសិក្សាដើមឫសនេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃកំណើនសិស្សានុសិស្សនៅក្នុងមូលដ្ឋាន និងជាការលើកកម្ពស់បរិស្ថានសិក្សាឱ្យកាន់តែមានភាពល្អប្រសើរឡើងនៅក្នុងស្រុកកណ្តាលស្ទឹង៕
អត្ថបទដោយ រ៉េត ឌីណេត 081 888767
