អភិបាលស្រុកខ្សាច់កណ្តាល អំពាវនាវឱ្យបញ្ឈប់ការប្រើចំពាមកៅស៊ូបាញ់សត្វក្នុងភូមិដ្ឋាន ក្រោយបង្កឱ្យខូចខាតទ្រព្យសម្បត្តិពលរដ្ឋ
[ខ្សាច់កណ្តាល] – លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល បានចេញសារព្រមាន និងអំពាវនាវជាសាធារណៈកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឱ្យបងប្អូនប្រជាពលរដ្ឋបញ្ឈប់សកម្មភាពប្រើប្រាស់ចំពាមកៅស៊ូបាញ់សត្វក្នុងតំបន់លំនៅដ្ឋាន ក្រោយពីមានករណីបាញ់សត្វចាប ប៉ុន្តែបានផ្លាតគ្រាប់ទៅចំកញ្ចក់រថយន្ត បង្កឱ្យមានការខូចខាត។
តាមរយៈសារអប់រំរបស់លោកអភិបាលស្រុក ខ្លឹមសារសំខាន់ៗត្រូវបានលើកឡើងដូចខាងក្រោម៖
១. ផលប៉ះពាល់ និងសុវត្ថិភាពសង្គម
សកម្មភាពបាញ់សត្វដោយប្រើចំពាមកៅស៊ូនេះ មិនត្រឹមតែបង្កឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ (ដូចជាករណីបែកកញ្ចក់រថយន្ត) ប៉ុណ្ណោះទេ ប៉ុន្តែវាជាហានិភ័យខ្ពស់ដែលអាច បង្កគ្រោះថ្នាក់ដល់អាយុជីវិត ឬរបួសស្នាមដល់មនុស្ស ដែលរស់នៅក្បែរខាងផងដែរ ប្រសិនបើការបាញ់នោះខុសគោលដៅ ឬមានការធ្វេសប្រហែស។
២. ទស្សនៈបែបសីលធម៌ និងសាសនា
ក្នុងនាមជាពុទ្ធសាសនិក លោក ចេង ឌីណា ក៏បានរំលឹកផងដែរថា ការសម្លាប់សត្វមានជីវិតគឺជា អំពើបាប។ លោកបានសង្កត់ធ្ងន់ថា ការកម្សាន្តដែលនាំមកនូវការបាត់បង់ជីវិតសត្វ និងការបង្កទុក្ខទោសដល់អ្នកដទៃ គឺជាទង្វើដែលមិនគួរគប្បីក្នុងសង្គមថ្លៃថ្នូរ។
៣. បទបញ្ជាដល់អាជ្ញាធរមូលដ្ឋាន
ដើម្បីទប់ស្កាត់បញ្ហានេះ លោកអភិបាលស្រុកបានដាក់បទបញ្ជាដល់៖
• អាជ្ញាធរភូមិ-ឃុំ៖ ត្រូវយកចិត្តទុកដាក់តាមដាន និងផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
• កងកម្លាំងសមត្ថកិច្ច៖ ប្រសិនបើជួបប្រទះករណីនេះ ត្រូវចុះអប់រំ និងណែនាំជាបន្ទាន់ ដើម្បីកុំឱ្យមានបញ្ហារីករាលដាលកាន់តែធំ។
“បើឈប់បានឈប់ទៅ ឬទៅបាញ់ឱ្យឆ្ងាយពីភូមិ និងលំនៅដ្ឋានប្រជាពលរដ្ឋ កុំបង្កបញ្ហាដល់អ្នកដទៃ”។ — ប្រសាសន៍លោក ចេង ឌីណា
ករណីនេះជាសញ្ញាដាស់តឿនមួយដល់យុវជន ឬអ្នកដែលនិយមបរបាញ់សត្វតូចៗតាមភូមិដ្ឋាន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះច្បាប់ និងសិទ្ធិរស់នៅដោយសុវត្ថិភាពរបស់អ្នកដទៃ។ ការប្រើប្រាស់ចំពាមកៅស៊ូ ទោះមើលទៅជាឧបករណ៍សាមញ្ញ ប៉ុន្តែវាអាចក្លាយជាអាវុធបង្កគ្រោះថ្នាក់ ប្រសិនបើប្រើប្រាស់ដោយខ្វះការទទួលខុសត្រូវ។
ដោយ ( រ៉េត ឌីណេត DINETH )
ថ្ងៃសៅរ៍ ៥រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦
