រដ្ឋបាលខណ្ឌប្ញស្សីកែវ បើកកិច្ចប្រជុំផ្សពិភាក្សាស្តីពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថាន
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌឫស្សីកែវ បានរៀបចំកិច្ចប្រជុំពិភាក្សាពិសេសមួយជាមួយតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអាជីវករតាមដងផ្លូវ ដើម្បីពង្រឹងការយល់ដឹង និងកិច្ចសហការក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែល្អប្រសើរ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក ឡុង ង៉ែត អភិបាលរងខណ្ឌឫស្សីកែវ តំណាងឱ្យ លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌ ដោយមានការចូលរួមពីមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធជាច្រើនរូប។
• គោលបំណង និងការងារអាទិភាពរបស់រដ្ឋបាលខណ្ឌ
ក្នុងឱកាសនោះ លោកអភិបាលរងបានលើកឡើងពីទិសដៅការងារសំខាន់ៗដែលរដ្ឋបាលខណ្ឌកំពុងយកចិត្តទុកដាក់ ក្រោមការណែនាំផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមមាន៖
• ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ៖ ការស្ថាបនា ជួសជុល និងពង្រីកផ្លូវថ្នល់។
• ប្រព័ន្ធរំដោះទឹក៖ ការរៀបចំ និងស្តារប្រព័ន្ធលូ ប្រឡាយ ក្នុងមូលដ្ឋាន។
• សន្តិសុខ និងសុខុមាលភាព៖ ការថែរក្សាសុវត្ថិភាព និងសុខភាពជូនប្រជាពលរដ្ឋនៅតាមបណ្តាសង្កាត់។
• សណ្តាប់ធ្នាប់ និងបរិស្ថាន៖ ការរៀបចំបរិស្ថាន អនាម័យ និងសោភ័ណភាពដងផ្លូវឱ្យមានរបៀបរៀបរយ។
ការអំពាវនាវដល់អាជីវករ និងអ្នកប្រកបរបរដឹកជញ្ជូន
លោក ឡុង ង៉ែត បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវសមិទ្ធផលទាំងនេះ គឺទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់បងប្អូនអាជីវករ និងអ្នកប្រកបរបររត់កង់បី (PassApp)។ លោកបានស្នើឱ្យបងប្អូនទាំងអស់៖
១ យល់ដឹងពីគោលការណ៍ច្បាប់៖ ចូលរួមគោរពការរៀបចំសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវសាធារណៈ។
២ កិច្ចសហការ៖ រួមគ្នាថែរក្សាសមិទ្ធផលដែលអាជ្ញាធរបានកសាង ដើម្បីផលប្រយោជន៍រួមក្នុងសហគមន៍។
ជាកិច្ចបញ្ចប់ លោកអភិបាលរងក៏បានសំណូមពរដល់សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋក្នុងខណ្ឌឫស្សីកែវទាំងមូល ដើម្បីជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តទាំងអស់គ្នាដោយស្មារតីទទួលខុសត្រូវខ្ពស់។
ផ្សាយចេញដោយ:រ៉េត ឌីណេត
ថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦
