រដ្ឋបាលខណ្ឌកំបូល និងស្រុកអង្គស្នួល ជួបពិភាក្សាពង្រឹងកិច្ចសហការសន្តិសុខ និងសណ្តាប់ធ្នាប់
ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌកំបូល (រាជធានីភ្នំពេញ) និងរដ្ឋបាលស្រុកអង្គស្នួល (ខេត្តកណ្តាល) បានរៀបចំកិច្ចប្រជុំលើកទី៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅតាមតំបន់ព្រំប្រទល់។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាស្រុកអង្គស្នួល ក្រោមអធិបតីភាពរួមរបស់ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និង លោក នូ សុវណ្ណរិទ្ធ អភិបាលស្រុកអង្គស្នួល។ ក្នុងនោះក៏មានការចូលរួមពី លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល តំណាងឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។
• គោលបំណងសំខាន់នៃជំនួបនេះ រួមមាន៖
• ការផ្លាស់ប្តូរព័ត៌មាន៖ ដើម្បីតាមដាន និងបង្ក្រាបបទល្មើសផ្សេងៗដែលកើតមាននៅតាមព្រំប្រទល់ភូមិសាស្ត្រជាប់គ្នា។
• ការរៀបចំសណ្តាប់ធ្នាប់៖ សម្រួលលំហូរចរាចរណ៍ និងការរៀបចំបរិស្ថានជុំវិញតំបន់តភ្ជាប់រវាងរាជធានី និងខេត្ត។
• ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព៖ បង្កើនទំនុកចិត្ត និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងពីរ។
កិច្ចពិភាក្សានេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្ររបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងការជំរុញឱ្យមានកិច្ចសហការស្អិតរមួតរវាងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីជាប់ព្រំប្រទល់។
—————————-
ផ្សាយចេញដោយ:(រ៉េត ឌីណេត_DINETH)
ថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦
