រដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះល្បាតពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ជូនពលរដ្ឋក្នុងសង្កាត់ទួលសង្កែទី១
(ភ្នំពេញ)៖ យោងតាមផែនការដឹកនាំរបស់ លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ នាត្រីមាសទី១ ឆ្នាំ២០២៦នេះ អាជ្ញាធរមូលដ្ឋានបានបន្តសកម្មភាពចុះពង្រឹងសន្តិសុខយ៉ាងសកម្ម។
ជាក់ស្តែង កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:០០ យប់ ដល់ម៉ោង ១១:០០ យប់ លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ បានដឹកនាំកម្លាំងចម្រុះរួមមាន មន្ត្រីសង្កាត់ មេភូមិ និងកម្លាំងប្រជាការពារមកពីភូមិទាំង៦ ចុះល្បាតតាមភូមិសាស្ត្រសំខាន់ៗ។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានចុះពិនិត្យតាមដានសភាពការណ៍នៅតាមតំបន់ស្មុគស្មាញ និងតាមដងផ្លូវនានាក្នុងភូមិទួលសង្កែ ភូមិចុងខ្សាច់ ភូមិផ្សារតូច ភូមិបាក់ទូក ភូមិទួលគោក និងភូមិទួលសំពៅ ដើម្បីបង្ការបទល្មើសផ្សេងៗ និងធានាបាននូវសុវត្ថិភាពពេញលេញជូនប្រជាពលរដ្ឋ។
ជាលទ្ធផល ក្នុងកំឡុងពេលចុះល្បាតនោះ ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានមានភាពល្អប្រសើរ ពុំមានបាតុភាពអ្វីគួរឱ្យកត់សម្គាល់កើតឡើងនោះឡើយ។ សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ ក្នុងការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព៕
ផ្សាយដោយ:ឌីណេត
ថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦
