(ខេត្តកណ្តាល)៖ ក្រោមស្មារតី «បរិស្ថានស្អាតគឺចាប់ផ្តើមពីខ្ញុំ អ្នក យើងទាំងអស់គ្នា» លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចម្រុះ និងរដ្ឋបាលឃុំទាំង ១២ ចុះយុទ្ធនាការសម្អាតអនាម័យបរិស្ថាន និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមបណ្ដោយផ្លូវជាតិលេខ៨ ព្រមទាំងផ្លូវសំខាន់ៗមួយចំនួនក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្ដាល។
សកម្មភាពដ៏សកម្មនេះ មិនត្រឹមតែជាការកែលម្អសោភ័ណភាពតាមដងផ្លូវប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីគំរូដឹកនាំក្នុងការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពសាធារណៈ និងកិច្ចគាំពារបរិស្ថាន។ ក្នុងឱកាសនោះ លោកអភិបាលស្រុក បានចុះផ្ទាល់ជាមួយមន្ត្រីរាជការ និងអាជ្ញាធរឃុំ ដើម្បីប្រមូលកាកសំណល់ សម្អាតចិញ្ចើមផ្លូវ និងរៀបចំរបៀបរៀបរយតាមបណ្តោយផ្លូវជាតិលេខ៨ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ឆ្លងកាត់ស្រុក។
ថ្លែងក្នុងយុទ្ធនាការនេះ លោក ចេង ឌីណា បានសង្កត់ធ្ងន់ថា ការថែរក្សាអនាម័យបរិស្ថាន មិនមែនជាភារកិច្ចដាច់ដោយឡែករបស់អាជ្ញាធរនោះទេ ប៉ុន្តែវាទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីបងប្អូនប្រជាពលរដ្ឋគ្រប់រូប។ លោកបានមានប្រសាសន៍ថា៖ «បរិស្ថានស្អាតផ្ដើមចេញពីការផ្លាស់ប្តូរឥរិយាបថរបស់យើងម្នាក់ៗ ក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ បើស្រុកយើងស្អាត ឃុំយើងស្អាត នោះសុខភាព និងកិត្តិយសរបស់មូលដ្ឋានយើងក៏ត្រូវបានលើកកម្ពស់ផងដែរ»។
សូមបញ្ជាក់ថា យុទ្ធនាការសម្អាតបរិស្ថាននេះ បានទទួលការគាំទ្រ និងអបអរសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ អាជ្ញាធរស្រុកខ្សាច់កណ្ដាល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងអ្នកធ្វើដំណើរទាំងអស់ សូមបន្តចូលរួមថែរក្សាអនាម័យ បញ្ឈប់ការបោះចោលសំរាមពាសវាលពាសកាល ដើម្បីរួមគ្នាធ្វើឱ្យខេត្ត ស្រុក និងប្រទេសជាតិយើងទាំងមូលមានភាពស្រស់បំព្រង និងគួរឱ្យចង់រស់នៅ។
សកម្មភាពនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋបាលស្រុកខ្សាច់កណ្ដាល ក្រោមការដឹកនាំរបស់លោក ចេង ឌីណា ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព៕
អត្ថបទដោយ៖ (លោក រ៉េត ឌីណេត DINETH)
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦
