(ខេត្តកណ្តាល)៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានកំពុងត្រូវបានយកចិត្តទុកដាក់បន្តបន្ទាប់។ ជាក់ស្តែង នៅព្រឹកថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ គម្រោងពង្រីកផ្លូវថ្មីមួយត្រូវបានចុះសិក្សាផ្ទាល់។
ក្នុងសកម្មភាពចុះពិនិត្យនេះដឹកនាំដោយ លោក យ៉ាន រឿន អភិបាលរងស្រុក តំណាង លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល រួមជាមួយក្រុមការងាររបស់ អ្នកឧកញ៉ា ឃុន សៀ និងសហការជាមួយក្រុមប្រឹក្សាឃុំវិហារសួគ៌។
គោលបំណង៖ ចុះពិនិត្យ និងសិក្សាបច្ចេកទេសដើម្បីពង្រីកផ្លូវបន្ថែមឱ្យបានបង្រ្គប់ប្រវែងទទឹង ៨ម៉ែត្រ។
តភ្ជាប់ចាប់ពីចំណុចផ្លូវជាតិលេខ៨ រហូតទៅដល់ចុងភូមិស្វាយមាស។
គម្រោងនេះនឹងត្រូវឆ្លងកាត់ភូមិចំនួន ៤ ក្នុងឃុំវិហារសួគ៌ រួមមាន៖
១.ភូមិវិហារសួគ៌ត្បូង
២.ភូមិតាកែវ២
៣.ភូមិតាកែវ១
៤.ភូមិស្វាយមាស
ការចុះសិក្សាដល់ទីតាំងផ្ទាល់នេះ គឺជាសញ្ញាណវិជ្ជមានថ្មីមួយទៀតក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ តាមរយៈការពង្រីកផ្លូវនេះ វានឹងជួយសម្រួលយ៉ាងខ្លាំងដល់ការដឹកជញ្ជូនកសិផល ក៏ដូចជាការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងភូមិទាំង៤ ឱ្យមានភាពប្រសើរឡើង កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍។
អាជ្ញាធរ និងក្រុមការងារបច្ចេកទេស បានបញ្ជាក់ថា ការសិក្សានេះធ្វើឡើងដោយផ្អែកលើតម្លាភាព និងការចូលរួម ដើម្បីធានាថាផលប្រយោជន៍សាធារណៈត្រូវបានឆ្លើយតបយ៉ាងពិតប្រាកដ។ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានសម្តែងនូវក្តីរីករាយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់នេះ៕
អត្ថបទ: លោក រ៉េត ឌីណេត វិហារសួគ៌ កោះឯករាជ្យ
ថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦
