អាជ្ញាធរភូមិវិហារសួគ៌ត្បូង ចុះយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ ៨ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
(ខេត្តកណ្តាល)៖ ដើម្បីបង្កើនសោភ័ណភាព និងត្រៀមទទួលអំណរស្វាគមន៍ទេវតាឆ្នាំថ្មី នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ លោក ស្រឹម សុខឃាន់ មេភូមិវិហារសួគ៌ត្បូង រួមជាមួយមេភូមិរង និងកម្លាំងប្រជាការពារ បានចុះយុទ្ធនាការសម្អាតអនាម័យ បរិស្ថាន នៅតាមសងខាងផ្លូវជាតិលេខ ៨ និងតាមដងផ្លូវក្នុងមូលដ្ឋាន។
សកម្មភាពនេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរមូលដ្ឋាន ក្នុងការលើកកម្ពស់សោភ័ណភាពសាធារណៈ ពិសេសក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ដើម្បីត្រៀមលក្ខណៈអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤, ១៥ និង ១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
លោកមេភូមិ បានដឹកនាំកម្លាំងប្រជាការពារប្រមូលកម្ទេចសំរាម កាត់ស្មៅ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវឱ្យមានរបៀបរៀបរយ ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ក៏ដូចជាបង្កលក្ខណៈសប្បាយរីករាយក្នុងភូមិឋាននាឱកាសបុណ្យទាន។
ឆ្លៀតក្នុងឱកាសនោះ អាជ្ញាធរភូមិវិហារសួគ៌ត្បូង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបន្តចូលរួមថែរក្សាអនាម័យបរិស្ថានជាប្រចាំ ដោយការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីប្រែក្លាយមូលដ្ឋានឱ្យទៅជាភូមិឃុំមានសោភ័ណភាពស្អាត គ្មានសំរាម និងមានផាសុកភាពសម្រាប់រស់នៅទាំងអស់គ្នា។
អត្ថបទដោយ:លោក រ៉េត ឌីណេត និពន្ធនាយកអង្គភាពសារព័ត៌មានកោះឯករាជ្យ
