លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នៅវិមានសន្តិភាព
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី។
អង្គពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំរំដួល វិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក ជាពិសេសលើការលើកកម្ពស់សិទ្ធិ តួនាទី និងស្ថានភាពរបស់ស្រ្តីនៅក្នុងសង្គមជាតិ។ ទន្ទឹមនឹងនោះ អង្គប្រជុំក៏បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រ និងសកម្មភាពការងារសំខាន់ៗសម្រាប់ឆ្នាំ២០២៦ ដើម្បីបន្តជំរុញសមភាពយេនឌ័រ និងការការពារសិទ្ធិស្រ្តីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ការអញ្ជើញចូលរួមរបស់លោកស្នងការនគរបាលខេត្តកណ្តាល ក្នុងកិច្ចប្រជុំកម្រិតជាតិដ៏មានសារៈសំខាន់នេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់កងកម្លាំងនគរបាលជាតិ ក្នុងការសហការ និងអនុវត្តតាមអនុសាសន៍ដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងការចូលរួមចំណែកការពារ និងលើកកម្ពស់តម្លៃស្រ្តីនៅក្នុងវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី គឺជាយន្តការថ្នាក់ជាតិដ៏សំខាន់ក្នុងការសម្របសម្រួល និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាលលើការងារពាក់ព័ន្ធនឹងស្រ្តី ដើម្បីធានាថាស្រ្តីគ្រប់រូបទទួលបានកិច្ចការពារ និងឱកាសស្មើគ្នាក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ៕
អត្ថបទ:រ៉េត ឌីណេត(RET DINETH កោះឯករាជ្យ 081888767)
