លោក ម៉ៅ សម ប្រធានក្រុមប្រឹក្សាឃុំ នាំយកអំណោយសប្បុរសជន ចែកជនគ្រួសារវីរៈកងទ័ពជួរមុខចំនួន ៣២ គ្រួសារ
អាជ្ញាធរឃុំជ្រៃលាស់ នាំយកអំណោយសប្បុរសជន ចែកជូនគ្រួសារកងទ័ពជួរមុខចំនួន ៣២គ្រួសារ
[ខេត្តកណ្តាល] – ស្មារតីសាមគ្គីភាពរវាងសមរភូមិក្រោយ និងសមរភូមិមុខ នៅតែបន្តស្តែងចេញតាមរយៈសកម្មភាពមនុស្សធម៌យ៉ាងសកម្ម។ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះ រដ្ឋបាលឃុំជ្រៃលាស់ បានរៀបចំពិធីចែកអំណោយជូនដល់គ្រួសារកងទ័ពជួរមុខដែលកំពុងរស់នៅក្នុងមូលដ្ឋាន ដើម្បីជាការលើកទឹកចិត្ត និងសម្រាលជីវភាព។
ពិធីនេះត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ លោក ម៉ៅ សម ប្រធានក្រុមប្រឹក្សាឃុំជ្រៃលាស់ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល។ អំណោយដែលបានយកមកចែកជូននាពេលនេះ គឺជាសប្បុរសធម៌ដែលបានមកពីការចូលរួមយ៉ាងផុសផុលរបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំ ដើម្បីបង្ហាញពីការដឹងគុណចំពោះវីរភាពរបស់កងទ័ព។
គ្រួសារកងទ័ពសរុបចំនួន ៣២គ្រួសារ ត្រូវបានជ្រើសរើសឱ្យទទួលអំណោយ ដោយក្នុងមួយគ្រួសារទទួលបាននូវ៖
• អង្ករ ១០ គីឡូក្រាម
•ទឹកត្រី ០១ យួរ និងទឹកស៊ីអ៉ីវ ០១ យួរ
•ថវិកាឧបត្ថម្ភចំនួន ១មុឺន រៀល។
ក្រៅពីអំណោយដែលបានមកពីសប្បុរសជន លោក ម៉ៅ សម ប្រធានក្រុមប្រឹក្សាឃុំ ក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួនបន្ថែមទៀត ដើម្បីបង្គ្រប់តម្រូវការជាក់ស្តែងឱ្យកាន់តែពេញលេញ។ ការឧបត្ថម្ភបន្ថែមរបស់លោក រួមមាន៖
សម្ភារៈ៖ ទឹកត្រី ១០ យួរ និងទឹកស៊ីអ៉ីវ ១០ យួរ។
ថវិកា៖ ថវិកាសរុប ៣២០,០០០ រៀល សម្រាប់គ្រួសារកងទ័ព និង ៨០,០០០ រៀល ជូនដល់ក្រុមការងាររៀបចំកម្មវិធី។
កាយវិការនាពេលនេះ មិនត្រឹមតែជាការជួយសម្រាលបន្ទុកជីវភាពក្នុងគ្រាខ្វះខាតប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពបញ្ជាក់ពីការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរ ប្រជាពលរដ្ឋ និងកងទ័ពដែលជាខឿនការពារជាតិ។
ជាទីបញ្ចប់ តំណាងអាជ្ញាធរឃុំជ្រៃលាស់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានលះបង់ធនធានផ្ទាល់ខ្លួន បង្កើតបានជាកម្លាំងសាមគ្គីដ៏ធំធេងក្នុងការគាំទ្រដល់គ្រួសារកងទ័ព ដែលជាបង្គោលចង្កេះនៃការពារជាតិមាតុភូមិ។
ផ្សាយចេញដោយ:រ៉េត ឌីណេត(DINETH)
ថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦
