ក្រុមអ្នកសារព័ត៌មានចុះពិនិត្យស្ថានភាពនៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអ្នកសារព័ត៌មានមកពី ១២ អង្គភាព ក្រោមការសម្របសម្រួលពីក្រសួងព័ត៌មាន បានចុះទៅយកព័ត៌មានផ្ទាល់ពាក់ព័ន្ធនឹងស្ថានភាពនៅតំបន់ព្រំដែន ក្បែរចំណុចបង្គោលគីឡូម៉ែត្រលេខ ២០-២១ ក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
យោងតាមការបញ្ជាក់ពីកងកម្លាំងការពារព្រំដែនកម្ពុជាដែលប្រចាំការនៅជួរមុខ បានឱ្យដឹងថា៖
សកម្មភាពនៅតំបន់ព្រំដែន៖ ភាគីយោធាថៃបានដាក់ទូកុងតឺន័រនៅចំណុចខាងលើ បន្ទាប់ពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានចូលជាធរមាន។
• ផលប៉ះពាល់៖ ការដាក់រាំងទូកុងតឺន័រនេះ បានធ្វើឱ្យរាំងស្ទះដល់ការធ្វើដំណើរតាមផ្លូវផ្ទាល់ពីក្រុងប៉ោយប៉ែត ទៅកាន់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលតម្រូវឱ្យប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរប្រើប្រាស់ផ្លូវវាងជំនួសវិញ។
• ចំណាត់ការផ្លូវការ៖ ចំពោះករណីនេះ ភាគីកម្ពុជាបានបង្ហាញជំហរតវ៉ា និងចាត់ទុកសកម្មភាពនេះថាជាការរំលោភលើកិច្ចព្រមព្រៀង និងបូរណភាពទឹកដី ដោយបានស្នើឱ្យមានការដោះស្រាយតាមផ្លូវការទូត។
បច្ចុប្បន្ន អាជ្ញាធរពាក់ព័ន្ធកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកដំណោះស្រាយសន្តិវិធី និងធានាឱ្យមានការសម្រួលចរាចរណ៍ឡើងវិញសម្រាប់បងប្អូនប្រជាពលរដ្ឋ។
រូបថតដោយ៖ ខឹម សុវណ្ណារ៉ា
ផ្សាយចេញនិងសម្រួលអត្ថបទដោយ: លោក រ៉េត ឌីណេត
ផ្សាយចេញ:ថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦
