ខេត្តកំពង់ចាម៖ កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ រហូតដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាង វិនពីន (H.E. Mr. WANG WENBIN) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ពិធីសម្ពោធនេះត្រូវបានរៀបចំឡើងនៅភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀត ឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន។
ទិន្នន័យបច្ចេកទេស និងកញ្ចប់ថវិកាសាងសង់
ថ្លែងក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៧ ដែលបានស្ថាបនាឡើងវិញរួចរាល់នាពេលនេះ មានប្រវែងសរុប ៤៥,៤៨៩ គីឡូម៉ែត្រ ដោយបែងចែកជា៖
ប្រភេទផ្លូវ៖ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩ សង់ទីម៉ែត្រ និងបេតុងសរសៃដែក កម្រាស់ ២៦ សង់ទីម៉ែត្រ។
ទំហំផ្លូវ៖ មានគន្លងចរាចរណ៍ចំនួន ៤ គន្លង។
រយៈពេលសាងសង់៖ ប្រើប្រាស់ពេលវេលាចំនួន ២៧ ខែ ដោយបានបញ្ចប់ការដ្ឋានជាស្ថាពរកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។
គម្រោងហេដ្ឋារចនាសម្ព័ន្ធមួយនេះ បានចំណាយថវិកាសរុបជាង ១១៧ លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
ផលចំណេញផ្នែកសេដ្ឋកិច្ច និងទេសចរណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការស្ថាបនាពង្រីកផ្លូវជាតិនេះ គឺដើម្បីប្រែក្លាយទៅជាខ្សែផ្លូវដឹកជញ្ជូនដ៏មានសក្តានុពល រឹងមាំ និងធំទូលាយ ក្នុងការសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនទំនិញ ពិសេសកសិផល និងផលិតផលកសិ-ឧស្សាហកម្ម។ សមិទ្ធផលនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងសង្គមក្នុងខេត្តកំពង់ចាម ក៏ដូចជាបណ្តាខេត្តជាប់ព្រំប្រទល់។
តាមការសិក្សា កំណាត់ផ្លូវជាតិលេខ៧ នេះ នឹងផ្តល់ប្រាក់ចំណេញផ្នែកសេដ្ឋកិច្ចក្នុងអត្រា ១៥,២៧% ដែលជាផលចំណេញដោយផ្ទាល់ទៅដល់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយពេលវេលា និងថ្លៃដើមនៃការដឹកជញ្ជូន។ លើសពីនេះ ផ្លូវនេះក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ដោយជួយតភ្ជាប់ការធ្វើដំណើរទៅកាន់តំបន់ប្រាសាទបុរាណ រមណីយដ្ឋានធម្មជាតិ និងតំបន់វប្បធម៌ប្រវត្តិសាស្ត្រនានាក្នុងខេត្តកំពង់ចាមផងដែរ។
ការឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ
បើតាមប្រសាសន៍របស់សម្តេចធិបតី ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនាពេលនេះ គឺធ្វើឡើងស្របតាមសំណូមពរ និងតម្រូវការជាក់ស្តែងរបស់ប្រទេសជាតិ ក្នុងការប្រែក្លាយបណ្តាញដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព។ ការងារនេះស្ថិតក្រោមការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តោតលើការតភ្ជាប់ផ្ទៃក្នុង និងតំបន់ ការលើកកម្ពស់ប្រព័ន្ធឡូជីស្ទីក ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់កម្ពុជា និងសកលលោក។
នាឱកាសដ៏ទ្បោឡារិកនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងអ្នករស់នៅតាមបណ្តោយផ្លូវជាតិលេខ៧ ទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរក្នុងល្បឿនកំណត់ដោយការប្រុងប្រយ័ត្នខ្ពស់។ ទន្ទឹមនឹងនេះ សម្តេចបានសង្កត់ធ្ងន់លើការរួមគ្នាថែរក្សាទ្រព្យសម្បត្តិជាតិ ដោយចៀសវាងការដឹកជញ្ជូនទំនិញផ្ទុកលើសទម្ងន់កម្រិតកំណត់ ដែលអាចបណ្តាលឱ្យខូចខាតផ្លូវ-ស្ពាន មុនអាយុកាល ដើម្បីរក្សាសមិទ្ធផលដ៏មានតម្លៃនេះជាកេរដំណែលដល់កូនចៅជំនាន់ក្រោយតទៅទៀត៕
អត្ថបទ៖លោក (រ៉េត ឌីណេត កោះឯករាជ្យ)
ផ្សាយចេញ៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦
