ខណ្ឌឫស្សីកែវ៖ ផ្លូវបេតុងឆ្អឹងដែកថ្មីមួយខ្សែ ស្របមុខវិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ដែលពីមុនធ្លាប់តែរងការលិចលង់ និងពិបាកធ្វើចរាចរណ៍នោះ ពេលនេះត្រូវបានស្ថាបនាជិតរួចរាល់ជាស្ថាពរហើយ ដែលកំពុងតែបង្កើតក្តីត្រេកអរ និងសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
វឌ្ឍនភាពដ៏ប្រសើរនេះ បានស្តែងឡើងក្នុងឱកាសដែល លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ រួមជាមួយ លោក ឡុង ង៉ែត អភិបាលរងខណ្ឌ និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្ទាល់ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ។
គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវលេខ ២០៧ នេះ ជាប្រភេទផ្លូវបេតុងឆ្អឹងដែក មានកម្រាស់ ១៥ សង់ទីម៉ែត្រ បណ្តោយ ១,០០០ ម៉ែត្រ និងទទឹង ៨ ម៉ែត្រ ដោយតភ្ជាប់ចាប់ពីចំណុចផ្លូវលេខ ៣០០ ដល់ផ្លូវលេខ ៣៣០ ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក។
នៅក្នុងឱកាសចុះពិនិត្យដោយផ្ទាល់នោះ លោក ជិន ប៊ុនធឿន បានមានប្រសាសន៍ឱ្យដឹងថា៖
«ការស្ថាបនាផ្លូវថ្មីមួយខ្សែនេះ គឺសម្រេចបានប្រមាណ ៧០ ភាគរយហើយ។ ទីតាំងនេះពីមុនមានស្ថានភាពទាប ងាយរងការជន់លិចជារៀងរាល់ឆ្នាំ ដែលបង្កការលំបាកយ៉ាងខ្លាំងដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ បន្ទាប់ពីការស្ថាបនានេះរួចរាល់ យើងសង្ឃឹមថានឹងអាចជួយសម្រួលបានច្រើនដល់ការធ្វើចរាចរណ៍ ជាពិសេសនៅតាមបណ្តោយសងខាងផ្លូវ ក៏មានការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពក្នុងការធ្វើដំណើរនាពេលរាត្រីផងដែរ»។
សកម្មភាពចុះជិតដិតដល់មូលដ្ឋានរបស់លោកអភិបាលខណ្ឌ និងក្រុមការងារ មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជាធំ។ ជាក់ស្តែង ក្រៅពីការពិនិត្យវឌ្ឍនភាពផ្លូវ លោកអភិបាលខណ្ឌ ក៏បានបន្តដំណើរទៅពិនិត្យស្ថានភាពទឹកនៅស្ថានីយបូមទឹកគីឡូម៉ែត្រលេខ ៩ ផងដែរ ដើម្បីវាយតម្លៃពីល្បឿនទឹកហូរ និងស្វែងរកដំណោះស្រាយរំដោះទឹកចេញឱ្យបានទាន់ពេលវេលា បន្ទាប់ពីមានភ្លៀងធ្លាក់ជោកជាំជាច្រើនថ្ងៃជាប់ៗគ្នាកន្លងមកនេះ។
ការប្តេជ្ញាចិត្ត និងសកម្មភាពការងារយ៉ាងសកម្មរបស់គណៈអភិបាលខណ្ឌឫស្សីកែវ ក្នុងការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ត្រូវបានមហាជនទូទៅ ពិសេសអ្នករស់នៅក្នុងសង្កាត់ស្វាយប៉ាក វាយតម្លៃខ្ពស់ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការប្រែក្លាយតំបន់ដែលធ្លាប់តែលិចទឹក ឱ្យទៅជាតំបន់ដែលមានផ្លូវស្អាត និងមានសុវត្ថិភាពខ្ពស់៕
ការអំពាវនាវបន្ថែមពីលោកអភិបាលខណ្ឌ ជុំវិញការថែរក្សាបរិស្ថាន និងអនាម័យ
ទន្ទឹមនឹងការទទួលបានសមិទ្ធផលផ្លូវបេតុងថ្មីដ៏ស្រស់ស្អាតនេះដែរ លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ក៏បានឆ្លៀតក្នុងឱកាសនោះ ធ្វើការអំពាវនាវ និងសំណូមពរយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅសងខាងផ្លូវ ព្រមទាំងក្នុងមូលដ្ឋានខណ្ឌទាំងមូល ឱ្យចូលរួមសហការគ្នាយ៉ាងសកម្មក្នុងការថែរក្សាបរិស្ថាន និងអនាម័យស្រុកភូមិ។
លោកអភិបាលខណ្ឌ បានគូសបញ្ជាក់ថា ដើម្បីឱ្យផ្លូវស្អាតមានភាពគង់វង្ស និងមានសោភ័ណភាពជានិច្ច គឺទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការគ្រប់គ្រងកាកសំណល់រឹង-រាវ ឱ្យបានត្រឹមត្រូវ។ លោកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួម៖
ការវេចខ្ចប់ឱ្យបានត្រឹមត្រូវ៖ សូមជួយច្រក និងវេចខ្ចប់កាកសំណល់ ឬសំរាមក្នុងថង់ប្លាស្ទិកឱ្យបានជិតល្អ ដើម្បីកុំឱ្យធ្លាយ រាយប៉ាយ ឬហូរទឹកកខ្វក់ចេញមកក្រៅ ដែលបង្កជាក្លិនមិនល្អ និងប៉ះពាល់ដល់សុខភាពសាធារណៈ។
ការបញ្ចេញសំរាមតាមម៉ោងកំណត់៖ សូមមេត្តាយកសំរាមមកដាក់នៅចំណុចប្រមូលផ្តុំ ឬមុខផ្ទះឱ្យចំពេល និងស្របតាមកាលវិភាគម៉ោងពេលដែលរថយន្តរបស់ក្រុមហ៊ុនប្រមូលសំរាមមកដឹកជញ្ជូន។ ការធ្វើបែបនេះ គឺដើម្បីជៀសវាងការទុកសំរាមចោលនៅក្រៅផ្ទះយូរពេក ដែលនាំឱ្យសត្វធាតុហែកកាយ បង្កជាភាពអនាធិបតេយ្យ និងបាត់បង់សោភ័ណភាពផ្លូវថ្មីរបស់យើង។
លោក ជិន ប៊ុនធឿន បានសង្កត់ធ្ងន់ថា៖
«ផ្លូវស្អាត និងបរិស្ថានល្អ គឺត្រូវផ្តើមចេញពីយើងទាំងអស់គ្នា។ បើបងប្អូនចូលរួមវេចខ្ចប់បានល្អ និងបញ្ចេញសំរាមបានត្រឹមត្រូវតាមម៉ោងកំណត់ នោះវានឹងជួយសម្រួលដល់ការងាររបស់ភ្នាក់ងារអនាម័យឱ្យប្រមូលបានលឿន ទាន់ពេលវេលា និងធ្វើឱ្យខណ្ឌឫស្សីកែវរបស់យើងកាន់តែមានសោភ័ណភាព និងគួរឱ្យរស់នៅទ្វេឡើង»។
សេចក្តីណែនាំ និងការយកចិត្តទុកដាក់សូម្បីតែរឿងរ៉ាវបរិស្ថានតូចធំនៅក្នុងមូលដ្ឋានរបស់ លោកអភិបាលខណ្ឌ ជិន ប៊ុនធឿន ត្រូវបានប្រជាពលរដ្ឋសម្តែងការគាំទ្រយ៉ាងពេញទំហឹង និងសន្យាថានឹងចូលរួមអនុវត្តតាម ដើម្បីលើកកម្ពស់មុខមាត់ខណ្ឌឫស្សីកែវ ឱ្យស្របតាមការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនាពេលបច្ចុប្បន្ន៕
អត្ថបទ៖ (លោករ៉េត ឌីណេត កោះឯករាជ្យ)
ផ្សាយចេញ៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦
