រាជធានីភ្នំពេញ៖ ក្នុងស្មារតីមនុស្សធម៌ និងការរួមចំណែកដ៏ថ្លៃថ្លាដល់សង្គមជាតិ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ព្រះរាជអំណោយជាបច្ច័យចំនួន ១៦០ ០០០ ០០០ (មួយរយហុកសិបលាន) រៀល ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះ។
ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសម្តែងនូវសេចក្តីអរព្រះគុណជាអនេកប្បការថ្វាយចំពោះ សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទី នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេច ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ដែលបានសហការបរិច្ចាគបច្ច័យយ៉ាងជ្រាលជ្រៅនេះ។
«បច្ច័យដ៏ថ្លៃថ្លានេះ នឹងជួយឱ្យមន្ទីរពេទ្យគន្ធបុប្ផាបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការពិនិត្យ ព្យាបាល និងជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា ដោយឥតគិតថ្លៃ ព្រមទាំងនាំមកនូវក្តីសង្ឃឹម ស្នាមញញឹម និងអនាគតដ៏ត្រចះត្រចង់សម្រាប់មហាគ្រួសារខ្មែរ»។ នេះជាការគូសបញ្ជាក់ប្រកបដោយសេចក្តីសោមនស្សរបស់លោកជំទាវបណ្ឌិតប្រធានកិត្តិយស។
ការអំពាវនាវក្នុងស្មារតី «ខ្មែរជួយខ្មែរ»
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានយាង និងអំពាវនាវយ៉ាងទទូចដល់សប្បុរសជនគ្រប់ទិសទី មេត្តាបន្តចូលរួមគាំទ្រ និងបរិច្ចាគថវិកាផ្ទាល់ខ្លួនជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា។
ជាពិសេស លោកជំទាវបណ្ឌិត បានសង្កត់ធ្ងន់លើការចូលរួមក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ប្រចាំឆ្នាំ២០២៦ ដែលជាចលនាជាតិដ៏មានសារៈសំខាន់ ក្នុងការកៀរគរថវិកាទ្រទ្រង់ដល់ការដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាប ដើម្បីធានាបាននូវការពិនិត្យព្យាបាលជូនដល់៖
°ទារក និងកុមារតូចៗ
°ស្ត្រីមានផ្ទៃពោះ និងមាតា
យុទ្ធនាការនេះ មិនត្រឹមតែជាព្រឹត្តិការណ៍មនុស្សធម៌ប្រចាំឆ្នាំដ៏ធំប៉ុណ្ណោះទេ ប៉ុន្តែវាជាស្តែងចេញពី «ស្មារតីខ្មែរជួយខ្មែរ» យ៉ាងពិតប្រាកដ ដើម្បីរួមគ្នាកសាង និងការពារអនាគតដ៏រឹងមាំនៃធនធានមនុស្សសម្រាប់ប្រទេសកម្ពុជាទាំងមូល៕
អត្ថបទ៖លោក រ៉េត ឌីណេត(កោះឯករាជ្យ)
ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦
