ពលរដ្ឋរិះគន់ម្ចាស់ផ្ទះមួយចំនួននៅចំណុចផ្សារត្រពាំងថ្លឹង ថាបានរំលោភយកចិញ្ចើមផ្លូវសាធារណៈធ្វើអាជីវកម្ម បំពាននឹងសេចក្តីជូនដំណឹងរបស់អាជ្ញាធរ
ភ្នំពេញ៖ ស្ថិតក្រោមការអភិវឌ្ឍឥតឈប់ឈរទូទាំងរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គេសង្កេតឃើញថា សោភ័ណភាពទីក្រុងត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។ យ៉ាងណាមិញ នៅតាមបណ្តោយមហាវិថីចោមចៅ (ផ្លូវវេងស្រេង) ត្រង់ចំណុចផ្សារត្រពាំងថ្លឹង បែរជាមានការរិះគន់ជុំវិញករណីរំលោភយកដីចំណីផ្លូវសាធារណៈទៅវិញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា ម្ចាស់ផ្ទះមួយចំនួន (រួមមានផ្ទះលេខ 18A, 18B, 18D, 18E, 18G, 18H, 18i, 18J, 18K, និង 18L) ដែលស្ថិតនៅតាមបណ្តោយផ្លូវ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននឹងកំពុងរៀបចំការលក់ដូរ និងសាងសង់រំលោភលើផ្លូវថ្មើរជើងសាធារណៈរបស់រដ្ឋដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យបាត់បង់សោភ័ណភាព និងបង្កភាពអនាធិបតេយ្យយ៉ាងខ្លាំង។
សកម្មភាពនេះ ត្រូវបានគេមើលឃើញថា ជាការអនុវត្តផ្ទុយ និងប្រឆាំងនឹងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌ និងសង្កាត់ ដែលបានដាក់ចុះកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។ ជាងនេះទៅទៀត វាក៏ជាការល្មើសនឹងច្បាប់ស្តីពីផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ត្រង់មាត្រា ៧២ និង ៧៤ ដែលបានចែងយ៉ាងច្បាស់ថា៖
«ហាមដាច់ខាតលើការទន្ទ្រាន ត្រួតត្រា ឬសាងសង់សំណង់គ្រប់ប្រភេទលើដីចំណីផ្លូវដោយគ្មានការអនុញ្ញាត។ ការរំលោភលើដីចំណីផ្លូវត្រូវទទួលទោសពិន័យជាប្រាក់ពី ១សែនរៀល ទៅ ១លានរៀល និងតម្រូវឱ្យរុះរើចេញ។ ករណីរឹងទទឹងមិនអនុវត្តតាម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ រហូតដល់ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល»។
ពាក់ព័ន្ធនឹងករណីនេះ ប្រជាពលរដ្ឋបានសំណូមពរយ៉ាងទទូចដល់ម្ចាស់ទីតាំងខាងលើ មេត្តាពិចារណារុះរើសំណង់ និងបញ្ឈប់ការលក់ដូរលើចិញ្ចើមផ្លូវដោយស្ម័គ្រចិត្ត ដើម្បីចូលរួមថែរក្សាសោភ័ណភាពរាជធានីភ្នំពេញ។ បើមិនដូច្នោះទេ អាជ្ញាធរសង្កាត់ចោមចៅទី១ នឹងស្នើសុំទៅថ្នាក់លើ ដើម្បីចុះអនុវត្តវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ។ពលរដ្ឋរិះគន់ម្ចាស់ផ្ទះមួយចំនួននៅចំណុចផ្សារត្រពាំងថ្លឹង ថាបានរំលោភយកចិញ្ចើមផ្លូវសាធារណៈធ្វើអាជីវកម្ម បំពាននឹងសេចក្តីជូនដំណឹងរបស់អាជ្ញាធរ
ជាចុងក្រោយ មហាជនកំពុងរង់ចាំអ៊ុតមើលថា តើលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ នឹងមានវិធានការក្តៅដើម្បីដោះស្រាយ និងរំដោះយកចិញ្ចើមផ្លូវសាធារណៈជូនអ្នកថ្មើរជើងវិញបានទាន់ពេលវេលា និងមានប្រសិទ្ធភាពកម្រិតណា?
ផ្សាយដោយ រ៉េត ឌីណេត កោះឯករាជ្យ
ថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦
