អភិបាលខណ្ឌមានជ័យ នាំយកអំណោយជួយឧបត្ថម្ភដល់កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ ដើម្បីលើកទឹកចិត្តក្នុងការបំពេញភារកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ
(រាជធានីភ្នំពេញ)៖ ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើសង្គម លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ចែកជូនដល់កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ ដែលកំពុងប្រចាំការតាមគោលដៅនានា។
ពិធីចែកអំណោយនេះ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។
នៅក្នុងឱកាសនោះ លោកអភិបាលខណ្ឌបានផ្ដល់ជូននូវអង្ករ និងភេសជ្ជៈប៉ូការីស្វេត (Pocari Sweat) ដល់កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌមានជ័យ។ ការឧបត្ថម្ភនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខណ្ឌ ចំពោះកងកម្លាំងដែលបានលះបង់កម្លាំងកាយចិត្ត ប្រចាំការតាមគោលដៅយ៉ាងសកម្ម ដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនដល់ថ្នាក់ដឹកនាំ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅមូលដ្ឋានខណ្ឌមានជ័យទាំងមូល។
លោក សេង គន្ធ ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្មារតីទទួលខុសត្រូវរបស់កងកម្លាំងទាំងអស់ ដែលជានិច្ចកាលតែងតែនៅជាប់គោលដៅ មិនថាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ដើម្បីរក្សាសេចក្តីសុខជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
សកម្មភាពនេះមិនត្រឹមតែជាការជួយសម្រាលជីវភាពមួយផ្នែកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពនៃសាមគ្គីភាព និងការផ្តល់តម្លៃដល់អ្នកដែលកំពុងបំពេញការងារជួរមុខ ក្នុងការរក្សាសុវត្ថិភាពសហគមន៍ផងដែរ៕
អត្ថបទ:លោក រ៉េត ឌីណេត
ផ្សាយ: ថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦
