រាជរដ្ឋាភិបាលសម្រេចបញ្ឈប់ការផ្តល់រង្វាន់លើផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ដើម្បីលើកកម្ពស់សុខុមាលភាពសាធារណៈ
[ភ្នំពេញ] — ក្នុងបំណងពង្រឹងសុខភាពសាធារណៈ និងកាត់បន្ថយការប្រើប្រាស់ភេសជ្ជៈដែលប៉ះពាល់ដល់សុខភាពហួសកម្រិត រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវវិធានការតឹងរ៉ឹង ដោយផ្អាករាល់ការផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬគម្របដបលើផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករគ្រប់ប្រភេទ។
យោងតាមសេចក្តីសម្រេចថ្មីនេះ វិធានការហាមឃាត់នឹងត្រូវចាប់ផ្តើមអនុវត្តជាផ្លូវការចាប់ពី ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ។ ដោយឡែក ត្រឹមដាច់ត្រីមាសទី៣ ឆ្នាំ២០២៦ សហគ្រាសផលិត និងក្រុមហ៊ុននាំចូលទាំងអស់ ត្រូវបញ្ឈប់រាល់សកម្មភាពដូចខាងក្រោម៖
ការផ្តល់រង្វាន់៖ មិនអនុញ្ញាតឱ្យមានការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុង គម្របផលិតផល ឬទម្រង់នៃការផ្សងសំណាងផ្សេងៗ។
ការផលិត និងនាំចូល៖ ហាមឃាត់ការបញ្ជាទិញថ្មី ការនាំចូល ឬការផលិតសំបកវេចខ្ចប់ (គម្រប/ក្រវិល) ដែលមានបង្កប់កម្មវិធីផ្តល់រង្វាន់។
ការសម្រេចចិត្តនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួនពីរ៖
១. ការការពារសុខភាព៖ បញ្ឈប់ការលើកទឹកចិត្តដល់ការប្រើប្រាស់គ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ (ជាពិសេសភេសជ្ជៈប៉ូវកម្លាំង) ហួសកម្រិត ដែលជារឿយៗបណ្តាលមកពីការចង់ផ្សងសំណាងយកត្រីមាស ឬរង្វាន់ផ្សេងៗ។
២. ការពង្រឹងអនុលោមភាព៖ លើកកម្ពស់ការប្រកួតប្រជែងដោយស្មោះត្រង់ និងអនុលោមភាពក្នុងវិស័យផលិតកម្មក្នុងស្រុក ឱ្យស្របតាមស្តង់ដារបច្ចេកទេស និងបទដ្ឋានគតិយុត្ត។
ការត្រៀមខ្លួនរបស់សហគ្រាស
រាជរដ្ឋាភិបាលបានទុក រយៈពេលអន្តរកាលរហូតដល់ដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៦ ដើម្បីឱ្យបណ្តាក្រុមហ៊ុន និងសហគ្រាសទាំងអស់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្រទីផ្សារ និងរៀបចំសង្វាក់ផលិតកម្មឱ្យស្របតាមការណែនាំថ្មីនេះ។ ការខកខានមិនបានអនុវត្តតាមវិធានការនេះ នឹងត្រូវប្រឈមមុខទៅតាមច្បាប់ជាធរមាន។
វិធានការនេះត្រូវបានមើលឃើញថា ជាជំហានដ៏មានសារៈសំខាន់មួយរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាជាងការជំរុញការលក់តាមរយៈរូបភាពនៃការផ្សងសំណាង ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពរយៈពេលវែងក្នុងសង្គម។
អត្ថបទដោយ៖ លោក រ៉េត ឌីណេត
ផ្សាយចេញ៖ ថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦
