(ខេត្តកណ្ដាល)៖ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំអឌ្ឍមាសទី១ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសំណង់ និងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។
ការរឹតបន្តឹងលើសំណង់ខុសច្បាប់ និងហានិភ័យសុវត្ថិភាព
ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា សំណង់ដែលសាងសង់ដោយគ្មានច្បាប់អនុញ្ញាត និងសំណង់អនាធិបតេយ្យ មិនត្រឹមតែបំផ្លាញសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កជាហានិភ័យដល់សុវត្ថិភាពសាធារណៈទៀតផង។ ក្នុងន័យនេះ ឯកឧត្តមបានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន៖
ចុះត្រួតពិនិត្យការដ្ឋានសំណង់ជាប្រចាំក្នុងដែនសមត្ថកិច្ច។
ណែនាំម្ចាស់សំណង់ឱ្យបំពេញបែបបទសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវតាមនីតិវិធី មុននឹងចាប់ផ្ដើមសាងសង់។
ធ្វើបច្ចុប្បន្នភាពទិន្នន័យសំណង់គ្រប់ប្រភេទ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងចាត់វិធានការទប់ស្កាត់ឱ្យទាន់ពេលវេលា។
វិធានការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ
ពាក់ព័ន្ធនឹងបញ្ហាសណ្ដាប់ធ្នាប់ ឯកឧត្តម គួច ចំរើន ក៏បានជំរុញឱ្យមានការបន្តរុះរើសំណង់ ឬសំយាបផ្ទះដែលរំលោភលើដីចំណីផ្លូវសាធារណៈ ដែលជាមូលហេតុបង្កឱ្យមានការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់ទូទៅ។ ឯកឧត្តមបានបញ្ជាក់ថា ការអនុវត្តច្បាប់ត្រូវធ្វើឡើងក្នុងស្មារតី “ទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់” ដើម្បីធានាឱ្យបាននូវការគោរពច្បាប់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
បញ្ហាប្រឈម និងការអនុវត្តនៅមូលដ្ឋាន
ទោះជាមានការដាក់ចេញនូវគោលការណ៍ណែនាំយ៉ាងច្បាស់លាស់ពីថ្នាក់ខេត្តយ៉ាងណាក៏ដោយ បើតាមការសង្កេតជាក់ស្ដែង កិច្ចការងារនេះហាក់នៅមានចន្លោះប្រហោងនៅឡើយក្នុងមូលដ្ឋានមួយចំនួន។ ប្រជាពលរដ្ឋ និងមហាជននៅតែមើលឃើញថា ការអនុវត្តវិធានការរដ្ឋបាលលើករណីសំណង់រំលោភដីសាធារណៈ និងសំណង់ខុសច្បាប់នៅកន្លែងខ្លះ នៅពុំទាន់មានភាពស្មើភាពគ្នា ឬខ្វះភាពម៉ឺងម៉ាត់នៅឡើយ ដែលទាមទារឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ បង្កើនការទទួលខុសត្រូវបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការណែនាំរបស់រដ្ឋបាលខេត្ត។
————————–
អត្ថបទ:លោក រ៉េត ឌីណេត កោះឯករាជ្យ
ថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦
