លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ ចូលរួមបង្កបរិយាកាសសប្បាយរីករាយ និងថែរក្សាល្បែងប្រជាប្រិយខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
(ក្រុងអរិយក្សត្រ)៖ ក្នុងបរិយាកាសសង្ក្រាន្តដ៏ខ្ពង់ខ្ពស់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ នេះ លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ បានអញ្ជើញចូលរួមយ៉ាងសកម្មក្នុងការអបអរសាទរ និងលើកស្ទួយវប្បធម៌ជាតិ តាមរយៈការលេងល្បែងប្រជាប្រិយខ្មែរជាមួយបងប្អូនប្រជាពលរដ្ឋយ៉ាងស្និទ្ធស្នាល។
ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកអភិបាលក្រុង បានផ្តល់កិត្តិយសចូលរួមលេងល្បែងប្រជាប្រិយ «ទាញព្រាត់» ដែលជាល្បែងប្រពៃណីដ៏មានប្រជាប្រិយភាពតាំងពីបុរាណកាលមក។ សកម្មភាពនេះមិនត្រឹមតែបង្កើននូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីសាមគ្គីភាពយ៉ាងរឹងមាំរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់សិល្បករជើងចាស់ដ៏ល្បីល្បាញគឺ លោក ដួង សុខគា រួមជាមួយមន្ត្រីរដ្ឋបាលក្រុង និងបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី ទាំងក្នុងក្រុងអរិយក្សត្រ និងតាមបណ្តាខេត្តនានា ដែលបានមកកម្សាន្តនៅទឹកដីក្រុងថ្មីនេះយ៉ាងកុះករ។
វត្តមានរបស់លោកអភិបាលក្រុង ក្នុងសកម្មភាពល្បែងប្រជាប្រិយនេះ ត្រូវបានគេមើលឃើញថាជាការផ្តល់ជាគំរូដ៏ល្អក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ និងជាការផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ តាមរយៈការចុះជាប់ផ្ទាល់ និងការបង្កើតស្នាមញញឹមក្នុងឱកាសពិធីបុណ្យជាតិ។ បងប្អូនប្រជាពលរដ្ឋដែលបានចូលរួម បានសម្តែងនូវក្តីរំភើបរីករាយ និងអបអរសាទរចំពោះការរៀបចំកម្មវិធីសង្ក្រាន្តក្នុងក្រុងអរិយក្សត្រ ដែលមានភាពទាក់ទាញ និងមានសណ្តាប់ធ្នាប់ល្អប្រសើរ។
គួរបញ្ជាក់ថា ល្បែងទាញព្រាត់ គឺជាសិល្បៈល្បែងប្រជាប្រិយមួយដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដោយអង្គការ UNESCO ដែលជានិមិត្តរូបនៃកម្លាំងសាមគ្គី និងការបណ្តេញគ្រោះចង្រៃ ដើម្បីទទួលយកសិរីសួស្តីក្នុងឆ្នាំថ្មី៕
អត្ថបទ: (លោក រ៉េត ឌីណេត និពន្ធនាយកកោះឯករាជ្យ)
ផ្សាយចេញ: ថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦
