មន្ត្រីរដ្ឋបាលស្រុកខ្សាច់កណ្តាល ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងប្រសិទ្ធភាពសេវាជួយពលរដ្ឋ
[ខេត្តកណ្តាល]៖ ក្នុងគោលដៅពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋានលើការសម្របសម្រួល និងដោះស្រាយវិវាទឱ្យកាន់តែមានប្រសិទ្ធភាព លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល បានដឹកនាំប្រតិភូមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងមូលដ្ឋាន ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធី និងវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»។
ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីសាលប្រជុំសាលាក្រុងអរិយក្សត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ព្រមទាំង ឯកឧត្តម តាំង ម៉េងលាន អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល។
នៅក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់៖
• អភិបាលរងស្រុក និងមន្ត្រីការិយាល័យជំនាញពាក់ព័ន្ធ។
• មេឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១២ ក្នុងស្រុកខ្សាច់កណ្តាល។
• មន្ត្រីរាជការមកពីក្រុង-ស្រុកចំនួន ៤ ផ្សេងទៀតក្នុងខេត្តកណ្តាល។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងបំពាក់បំប៉នចំណេះដឹងផ្នែកច្បាប់ និងបច្ចេកទេសសម្របសម្រួលដល់មន្ត្រីអនុវត្តផ្ទាល់នៅមូលដ្ឋាន ដើម្បីឱ្យពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋតាមរយៈការផ្សះផ្សា ជៀសវាងការប្តឹងផ្តល់វែងឆ្ងាយដល់ប្រព័ន្ធតុលាការ។
សារៈសំខាន់នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
១ កាត់បន្ថយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូង។
២ សន្សំសំចៃពេលវេលា និងថវិកា ជូនបងប្អូនប្រជាពលរដ្ឋ។
៣ ពង្រឹងសាមគ្គីភាពក្នុងសហគមន៍ តាមរយៈការឈ្នះ-ឈ្នះ ទាំងសងខាង។
តាមរយៈការដឹកនាំរបស់លោកអភិបាលស្រុក ចេង ឌីណា សបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់រដ្ឋបាលសាធារណៈ និងការផ្តល់យុត្តិធម៌កាន់តែខិតជិតមូលដ្ឋាន ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការរក្សាសុខសុវត្ថិភាព និងស្ថិរភាពសង្គមក្នុងស្រុកខ្សាច់កណ្តាលទាំងមូល។
អត្ថបទ៖ រ៉េត ឌីណេត
ថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦
