[ខេត្តកណ្តាល]៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់លើការងារសណ្តាប់ធ្នាប់ និងសោភ័ណភាព ស្រុក លោក អែតដា ដូរ៉ាមី អភិបាលរងស្រុកខ្សាច់កណ្តាល បានបង្ហាញវត្តមានផ្ទាល់ក្នុងការចុះអនុវត្តវិធានការរដ្ឋបាល ដើម្បីធានាឱ្យបាននូវរបៀបរៀបរយតាមដងផ្លូវសាធារណៈ។
នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ យោង៖តាមក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ឯកឧត្តម គួច ចំរើន កាលពី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ និងការចង្អុលបង្ហាញ និងកិច្ចការប្រគល់សិទ្ធិពីសំណាក់ លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកខ្សាច់កណ្តាល, លោក អែតដា ដូរ៉ាមី អភិបាលរងស្រុក បានដឹកនាំកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពស្រុក ចុះយុទ្ធនាការចែកសេចក្តីជូនដំណឹងលើកទី២ និងណែនាំដោយផ្ទាល់ដល់បងប្អូនអាជីវករ តាមបណ្ដោយផ្លូវលេខ៣៨១ និងផ្លូវជាតិលេខ៨ ស្ថិតនៅក្នុងភូមិក្នុង និងភូមិព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ។
ការចុះផ្សព្វផ្សាយ និងរំលឹកសេចក្តីជូនដំណឹង
ក្រោមការដឹកនាំផ្ទាល់របស់លោកអភិបាលរង ក្រុមការងារបានចុះផ្ដល់សេចក្តីជូនដំណឹង និងពន្យល់ណែនាំដល់ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្តាល អំពីវិធានការសំខាន់ៗរួមមាន៖
ការទប់ស្កាត់ការសាងសង់៖ ហាមឃាត់ដាច់ខាតរាល់ការសាងសង់សំណង់ថ្មីៗលើដីចំណីផ្លូវ។
ការរៀបចំការលក់ដូរ៖ ណែនាំឱ្យបញ្ឈប់ការដាក់តាំងលក់ទំនិញរំលោភលើចិញ្ចើមផ្លូវ ដែលបង្កការកកស្ទះ និងគ្រោះថ្នាក់។
ការគ្រប់គ្រងស្លាកផ្សាយពាណិជ្ជកម្ម៖ ត្រួតពិនិត្យ និងរុះរើស្លាកប៉ាណូដែលគ្មានច្បាប់អនុញ្ញាត ឬដាក់ខុសលក្ខណៈបច្ចេកទេស។
ការស្ម័គ្រចិត្តរុះរើ៖ លើកទឹកចិត្តដល់បងប្អូនឱ្យចូលរួមរុះរើសំណង់ដែលខុសច្បាប់ដោយខ្លួនឯង ដើម្បីជៀសវាងការខូចខាតទ្រព្យសម្បត្តិនៅពេលអាជ្ញាធរអនុវត្តវិធានការក្តៅ។
ទឹកចិត្ត និងឆន្ទៈមន្ត្រីមូលដ្ឋាន
ក្នុងឱកាសនោះដែរ លោក អែតដា ដូរ៉ាមី បានឆ្លៀតយកពេលវេលាសួរសុខទុក្ខ និងពន្យល់ដោយក្តីអត់ធ្មត់ដល់អាជីវករ ក្នុងន័យឱ្យបងប្អូនយល់ច្បាស់ថា ការរៀបចំសណ្តាប់ធ្នាប់នេះ មិនមែនជាការរឹតត្បិតសេរីភាពអាជីវកម្មនោះទេ ប៉ុន្តែគឺជាការធ្វើដើម្បីប្រយោជន៍រួម សុវត្ថិភាពចរាចរណ៍ និងលើកកម្ពស់មុខមាត់ស្រុកខ្សាច់កណ្តាលឱ្យកាន់តែស្រស់បំព្រង។
វត្តមាន និងការយកចិត្តទុកដាក់របស់លោកអភិបាលរង ត្រូវបានគេមើលឃើញថា ជាការជំរុញទឹកចិត្តដល់មន្ត្រីថ្នាក់ក្រោម និងទទួលបានការសាទរពីសំណាក់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ចំពោះកិច្ចខិតខំប្រឹងប្រែងរក្សាសណ្តាប់ធ្នាប់សាធារណៈឱ្យមានភាពប្រសើរឡើងជាលំដាប់៕
អត្ថបទដោយ៖ លោក រ៉េត ឌីណេត
កាលបរិច្ឆេទ៖ ថ្ងៃទី២៨ មេសា ២០២៦
