លោក យ៉ាន់ រឿន អភិបាលរងស្រុកខ្សាច់កណ្ដាលដឹកនាំ ចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្អាតបរិស្ថានតាមបណ្ដោយផ្លូវជាតិលេខ៨ ត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មី
[ខេត្តកណ្ដាល]៖ ដើម្បីលើកកម្ពស់សោភ័ណភាព និងរក្សាសណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ អាជ្ញាធរស្រុកខ្សាច់កណ្ដាលបានបើកយុទ្ធនាការចុះរៀបចំរបៀបរៀបរយ និងសម្អាតបរិស្ថាននៅតាមដងផ្លូវសំខាន់ៗក្នុងឃុំវិហារសួគ៌ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦នេះ។
សកម្មភាពនេះដឹកនាំដោយ លោក យ៉ាន់ រឿន អភិបាលរងស្រុកខ្សាច់កណ្ដាល តំណាងឱ្យ លោក ចេង ឌីណា អភិបាលស្រុក ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់អាជ្ញាធរភូមិ-ឃុំ កម្លាំងប្រជាការពារ និងក្រុមការងារពាក់ព័ន្ធជាច្រើនរូប។
សកម្មភាពសំខាន់ៗក្នុងយុទ្ធនាការ៖
•ការរៀបចំសណ្ដាប់ធ្នាប់៖ ក្រុមការងារបានចុះណែនាំ និងរៀបចំតាមបណ្ដោយផ្លូវជាតិលេខ៨ និងផ្លូវក្នុងភូមិទាំង ៨ នៃឃុំវិហារសួគ៌ ដើម្បីធានាបាននូវលំហូរចរាចរណ៍ស្រឡះល្អ និងគ្មានការរំលោភចំណីផ្លូវ។
•កិច្ចគាំពារបរិស្ថាន៖ មានការប្រមូលកាកសំណល់ និងសម្អាតអនាម័យតាមដងផ្លូវ ដើម្បីបង្កើនសោភ័ណភាពក្នុងមូលដ្ឋាន ពិសេសក្នុងឱកាសដែលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជិតចូលមកដល់។
តាមរយៈសកម្មភាពនេះ លោកអភិបាលរងស្រុកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ សូមបន្តចូលរួមសហការជាមួយអាជ្ញាធរក្នុងការទុកដាក់សម្រាមឱ្យមានរបៀប និងមិនត្រូវសាងសង់ ឬដាក់តាំងលក់សម្ភារៈរំលោភលើចំណីផ្លូវសាធារណៈឡើយ ដែលវាមិនត្រឹមតែធ្វើឱ្យបាត់បង់សោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កគ្រោះថ្នាក់ចរាចរណ៍ទៀតផង។
គួរបញ្ជាក់ថា នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុកខ្សាច់កណ្ដាល ក្នុងការធ្វើឱ្យឃុំវិហារសួគ៌ ក្លាយជាតំបន់ដែលមានបរិស្ថានស្អាត មានសណ្ដាប់ធ្នាប់ល្អ និងជាទីគួរឱ្យចង់រស់នៅសម្រាប់ប្រជាពលរដ្ឋគ្រប់រូប៕
អត្ថបទ: ឌីណេត វិហារសួគ៌
រដ្ឋបាលស្រុកខ្សាច់កណ្តាល
កោះឯករាជ្យNews24ម៉ោង
