ខេត្តកណ្តាល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦៖
ដើមី្បឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងការទទួលបានឯកសារស្របច្បាប់ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារដឹកនាំ ជំរុញ និងអនុវត្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ រួមទាំងឯកសារអត្តសញ្ញាណផ្សេងៗទៀត ជូនដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលាខេត្តកណ្តាល (សាល B ទីតាំងថ្មីបណ្តោះអាសន្ន) ក្រោមអធិបតីភាព លោកជំទាវ ស៊ុន ស្រីនាង អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។
ការបង្កើត និងប្រកាសសមាសភាពក្រុមការងារនៅពេលនេះ គឺជាយន្តការដ៏សំខាន់មួយរបស់រដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែមានភាពរហ័ស តម្លាភាព និងខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាពិសេស ការយកចិត្តទុកដាក់ជាអាទិភាពចំពោះប្រជាពលរដ្ឋ និងពលករដែលទើបធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃ គឺដើម្បីធានាថា ពួកគាត់ទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណស្របច្បាប់គ្រប់គ្រាន់ ដែលបង្កលក្ខណៈងាយស្រួលក្នុងការស្វែងរកការងារធ្វើ ការប្រកបមុខរបរចិញ្ចឹមជីវិត និងការទទួលបានសេវាគាំពារសង្គមផ្សេងៗពីរាជរដ្ឋាភិបាល។
តាមរយៈការរៀបចំយន្តការនេះ អាជ្ញាធរថ្នាក់ក្រុង-ស្រុកទាំងអស់ រួមទាំងរដ្ឋបាលស្រុកខ្សាច់កណ្តាល ដែលដឹកនាំដោយលោក ចេង ឌីណា នឹងត្រូវយកសេចក្តីសម្រេចនេះទៅបន្តសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញអត្រានុកូលដ្ឋាន ដើម្បីចុះអនុវត្តការងារជាក់ស្តែងឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយធានាថា «គ្មានប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលគ្រប់អាយុច្បាប់កំណត់ ត្រូវបានរំលងពីការទទួលបានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឡើយ»៕
អត្ថបទដោយ៖រ៉េត ឌីណេត
ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦
