រដ្ឋបាលខណ្ឌឫស្សីកែវ ចូលរួមរំលែកទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារសពអនុប្រធានភូមិកោះអណ្តែត
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងខណ្ឌឫស្សីកែវ តំណាងឱ្យលោក ជិន ប៊ុនធឿន អភិបាលខណ្ឌ បានដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌ និងសង្កាត់ អញ្ជើញចូលរួមក្នុងពិធីបុណ្យសព និងសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅជាមួយក្រុមគ្រួសារសព ឧបាសក ជួរ ម៉េង។
ឧបាសក ជួរ ម៉េង ដែលជាអនុប្រធានភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២ បានទទួលមរណភាពក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។ ការបាត់បង់រូបលោក គឺជាការបាត់បង់នូវធនធានមនុស្សដ៏ល្អម្នាក់ ដែលបានរួមចំណែកបម្រើការងារជូនរដ្ឋបាលមូលដ្ឋាននាពេលកន្លងមក។
ក្នុងឱកាសចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ រដ្ឋបាលខណ្ឌឫស្សីកែវ ក៏បាននាំយកនូវបច្ច័យ និងសម្ភារឧបត្ថម្ភមួយចំនួនដើម្បីជួយសម្រាលបន្ទុកគ្រួសារសព រួមមាន៖
• បច្ច័យ៖ ចំនួន ៥០០,០០០ រៀល
• អង្ករ៖ ១០០ គីឡូក្រាម
• ទឹកសុទ្ធ៖ ១០ កេស
សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខណ្ឌ ចំពោះមន្ត្រីរាជការ និងបុគ្គលិកដែលបានលះបង់កម្លាំងកាយចិត្តបម្រើជាតិ និងប្រជាជនក្នុងមូលដ្ឋាន ទោះក្នុងកាលៈទេសៈណាក៏ដោយ។
ផ្សាយដោយ:ឌីណេត-DINETH
ថ្ងៃចន្ទ ៧រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦
