អាជ្ញាធរខណ្ឌឫស្សីកែវ បើកកិច្ចប្រជុំប្រចាំខែ ដើម្បីពង្រឹងកិច្ចការស្ត្រី កុមារ និងសន្តិសុខក្នុងមូលដ្ឋាន
ភ្នំពេញ៖ នាថ្ងៃពុធ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) នៃរដ្ឋបាលខណ្ឌឫស្សីកែវ បានរៀបចំកិច្ចប្រជុំប្រចាំខែកុម្ភៈ នៅសង្កាត់គីឡូម៉ែត្រលេខ៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងមូលដ្ឋាន។
កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព លោក ម៉ៅ វណ្ណា ប្រធាន គ.ក.ន.ក និងជាចៅសង្កាត់គីឡូម៉ែត្រលេខ៦ ដោយមានការចូលរួមពី លោកស្រី ថាច់ សូសុខា អនុប្រធានអចិន្ត្រៃយ៍ គ.ក.ស.ក តំណាងឱ្យ លោកស្រី ហ៊ត សុវណ្ណកន្នីតា ប្រធានគណៈកម្មាធិការ ព្រមទាំងសមាជិកពាក់ព័ន្ធសរុបចំនួន ១៧នាក់។
ខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំបានផ្ដោតលើរបៀបវារៈចំនួន ៩ ចំណុច រួមមាន៖
• ការងាររដ្ឋបាល និងថវិកា៖ ពិនិត្យអនុម័តកំណត់ហេតុខែមករា និងការប្រើប្រាស់ថវិការបស់ គ.ក.ន.ក សង្កាត់ឱ្យមានប្រសិទ្ធភាព។
• សុខុមាលភាពសង្គម៖ ពិភាក្សាលើវឌ្ឍនភាពការងារផ្នែកសុខភាព ការអប់រំ និងការចុះបញ្ជីអត្រានុកូលដ្ឋាន (សំបុត្រកំណើត) ជូនប្រជាពលរដ្ឋ។
• កិច្ចការពារស្ត្រី និងកុមារ៖ លើកយកបញ្ហាប្រឈមចម្បងៗដែលពាក់ព័ន្ធនឹងស្ត្រី និងកុមារមកជជែកដោះស្រាយ ដើម្បីធានាសុវត្ថិភាព និងសិទ្ធិជាមូលដ្ឋាន។
• សន្តិសុខមូលដ្ឋាន៖ ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ឱ្យកាន់តែប្រសើរឡើង។
កិច្ចប្រជុំនេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខណ្ឌឫស្សីកែវ ក្នុងការជំរុញសេវាសាធារណៈ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ស្ត្រី និងកុមារឱ្យកាន់តែមានភាពល្អប្រសើរ៕
ផ្សាយចេញដោយ:លោក រ៉េត ឌីណេត
ថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦
