ភ្នំពេញ៖ បន្ទាប់ពីអាជ្ញាធរ ចាប់ផ្ដើមអនុវត្តគម្រោងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ ចិញ្ចើមផ្លូវ ស្ដារប្រព័ន្ធលូ ពិសេសមិនអនុញ្ញាតឱ្យមានការលក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវនៅតំបន់ជុំវិញផ្សារដើមគរ ពីថ្ងៃទី១៨ ខែមករាមក អាជីវករបាននាំគ្នាតវ៉ា និងស្នើសុំបន្តអាជីវកម្មនៅទីតាំងដដែល។ យ៉ាងណាមិញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបដិសេដចំពោះសំណើទាំងនេះ ក្រោមការសម្របសម្រួលធានាជីវភាព និងទីតាំងអាជីវកម្មថ្មី។
ក្នុងជំនួបជាមួយអាជីវករលក់ដូរទំនិញនៅជុំវិញផ្សារដើមគរ នាថ្ងៃទី១៩ ខែមករានេះ លោក ឃួង ស្រេង បានបញ្ជាក់ថា៖ « ការស្នើសុំបន្តលក់ដូរនៅទីតាំងលើចិញ្ចើមផ្លូវ ទ្រូងផ្លូវ និងបរិវេណជុំវិញផ្សារដើមគរ នឹងមិនអាចអនុញ្ញាតបានឡើយ។»។
ជាមួយគ្នានេះ លោក ឃួង ស្រេង បានប្រាប់ដល់អាជីករទាំងនោះ ទៅលក់ដូរនៅផ្សារបោះដុំបន្លែផ្លែឈើ (ផ្សារដើមគរថ្មី) ឬទីតាំងឯកជនសមស្របណាមួយវិញ។ ការណ៍ដែលរដ្ឋបាលរាជធានីសម្រេច អនុវត្តគម្រោងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ ចិញ្ចើមផ្លូវ ស្ដារប្រព័ន្ធលូ ពិសេសមិនអនុញ្ញាតឱ្យមានការលក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវនៅតំបន់ជុំវិញផ្សារដើមគរ គឺដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែល្អប្រសើរសម្រាប់ប្រយោជន៍សាធារណជនជារួម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ក្រៅពីការសម្របសម្រួលទីតាំងលក់ដូរថ្មីដល់អាជីវករហើយនោះ រដ្ឋបាលរាជធានីភ្នំពេញក៏បានអះអាងពីការធានាក្នុងការសម្របសម្រួលជីវភាពដល់អាជីករខ្វះខាត សម្រាប់ជួយទំនុកបម្រុង និងផលលំបាកនាអំឡុងពេលផ្លាស់ប្ដូរទីតាំងនេះដែរ។
គួរជម្រាបថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹង និងជួបប្រជុំជាមួយអាជីវកររួចមកហើយជុំវិញការបិទលែងឱ្យមានការលក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈនៅតំបន់ផ្សារដើមគរ ដើម្បីលើកកម្ពស់សោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធ និងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងទីក្រុង។
ចំពោះអាជីវករ ដែលធ្លាប់ប្រកបអាជីវកម្មរំលោភចំណីនៅតំបន់នោះ មានជម្រើសផ្លាស់ប្តូរទៅទីតាំងទៅផ្សារបោះដុំអាស៊ាន-អន្តរជាតិ (ផ្សារដើមគរថ្មី) ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្រោមកិច្ចសម្របសម្រួលរវាងអាជ្ញាធរ និងម្ចាស់ផ្សារ អាជីវករមិនតម្រូវឱ្យបង់ថ្លៃឈ្នួលតូបរយៈពេល២ឆ្នាំដំបូង និងបង់ប្រាក់កក់ឡើយ
ផ្សាយចេញ:រ៉េត ឌីណេត និពន្ធនាយកកោះឯករាជ្យ
