កណ្តាល៖ យុវជនរបស់គណបក្សប្រជាជនកម្ពុជា គឺជាទំពាំងស្នងឫស្សីដ៏ល្អ និងជាស្នូលមួយសម្រាប់ការផ្ដើមកសាង អភិវឌ្ឍន៍នៅក្នុងមូលដ្ឋានឱ្យកាន់តែមានការរីកចម្រើន និងរក្សាបាននូវសុខសន្តិភាព។ ជាពិសេស គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការចុះជួយបម្រើប្រជាពលរដ្ឋគ្រប់ស្ថានការណ៍ និងគ្រប់ពេលវេលា។ ជាក់ស្ដែង នៅក្នុងរៀងរាល់មួយអាណត្តិ ក្រុមសមាជិកយុវជនរបស់គណបក្សប្រជាជនកម្ពុជា តែងតែរៀបចំកម្មវិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនបន្តវេន ដើម្បីដកស្រង់បទពិសោធន៍ពីរៀមច្បង ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងមាតុភូមិ។
នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់ព្រែកអំពិល បានរៀបចំកម្មវិធីអបអរសាទរខួបលើកទី៧៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៦) និងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ជ័យ រិទ្ធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានសង្កាត់ព្រែកអំពិល, លោក ចាន់ តារា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងអរិយក្សត្រ, លោក កែវ ចន្ទរ៉ា ប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកអំពិល ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំគណបក្ស និងសមាជិក សមាជិកា ដែលអញ្ជើញមកពីបណ្ដាភូមិទាំង៧ សរុបប្រមាណជិត ៣៥០នាក់។
គោលបំណងនៃពិធីនេះ គឺដើម្បីបោះឆ្នោតជ្រើសរើសយកថ្នាក់ដឹកនាំយុវជនចំនួន ៥នាក់ ក្នុងចំណោមបេក្ខជនឈរឈ្មោះចំនួន ១០នាក់ ដើម្បីមកដឹកនាំក្រុមយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំសង្កាត់ព្រែកអំពិល ដែលមានសមាសភាពមកពីភូមិទាំង៧ រួមមាន៖
១. ភូមិឃ្លាំងមឿងជើង
២. ភូមិឃ្លាំងមឿងត្បូង
៣. ភូមិព្រែកក្របៅទី១
៤. ភូមិព្រែកក្របៅទី២
៖. ភូមិព្រែកក្របៅទី៣
៦. ភូមិព្រែកដូនហែម
៧. ភូមិព្រែកអំពិល
ជាលទ្ធផល បេក្ខជនដែលទទួលបានសំឡេងឆ្នោតគាំទ្រខ្ពស់ជាងគេទាំង ៥រូប រួមមាន៖
លេខ១៖ លោកស្រី រ៉ុន ស្រីខួច ទទួលបាន ២១៩ សំឡេង
លេខ២៖ លោក គួន វុត្ថា ទទួលបាន ១៨៨ សំឡេង
លេខ៣៖ លោក រ៉ុន ស្រស់ ទទួលបាន ១៨១ សំឡេង
លេខ៤៖ លោក សល់ វិសាល ទទួលបាន ១៣៨ សំឡេង
លេខ៥៖ លោក ពៅ វិសាលសុខ ទទួលបាន ១១៤ សំឡេង
ស្ថិតក្នុងឱកាសដ៏អធិកអធមនោះផងដែរ លោក ចាន់ តារា ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងអរិយក្សត្រ បានផ្ដល់កិត្តិយសសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំល្អៗដល់ប្អូនៗយុវជនបន្តវេនជំនាន់ក្រោយ ដោយផ្ដោតលើចំណុចគន្លឹះសំខាន់ៗរួមមាន៖
ការពង្រឹងការគ្រប់គ្រងចាត់តាំង និងការបង្កើនធនធានមនុស្សបន្ថែម។
ការធ្វើបច្ចុប្បន្នភាពការងារ និងពង្រឹងកម្លាំងស្នូលរបស់គណបក្ស។
ការផ្សព្វផ្សាយ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព»។
ការចុះជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យចំគោលដៅ។
ការគ្រប់គ្រងព័ត៌មាន និងការចូលរួមរាយការណ៍រាល់សកម្មភាពផ្សេងៗ ដូចជា ឧបទ្ទវហេតុ និងគ្រោះមហន្តរាយធម្មជាតិ។
ការរៀបចំផែនការសកម្មភាពដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍នៅគ្រប់បណ្ដាមូលដ្ឋានទាំងអស់។
ជាទីបញ្ចប់ លោក ចាន់ តារា បានសម្ដែងនូវក្ដីសង្ឃឹម និងជំនឿជាក់យ៉ាងមុតមាំថា ប្អូនៗយុវជនគណបក្សប្រជាជនកម្ពុជាទាំងអស់ នឹងធ្វើខ្លួនជាយុវជនគំរូ ដើម្បីទទួលបានការស្រឡាញ់គាំទ្រ និងពេញចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងរួមគ្នាប្ដេជ្ញាចិត្តខិតខំបំពេញភារកិច្ចបម្រើជាតិមាតុភូមិឱ្យកាន់តែមានភាពជឿនលឿន និងរីកចម្រើនលើគ្រប់វិស័យ៕
អត្ថបទ៖ (លោក រ៉េត ឌីណេត កោះឯករាជ្យ)
ផ្សាយចេញ៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦
