[ក្រុងអរិយក្សត្រ] រដ្ឋបាលសង្កាត់ព្រែកអំពិល នៃក្រុងអរិយក្សត្រ ខេត្តកណ្តាល បានចេញលិខិតបំភ្លឺជាផ្លូវការមួយ បដិសេធទាំងស្រុងចំពោះការចុះផ្សាយរបស់អង្គភាពសារព័ត៌មានមួយចំនួន ដែលបានចោទប្រកាន់ លោក ធី មុនីរាជ ចៅសង្កាត់រងទី១ ថាបានចាក់លុបប្រឡាយសាធារណៈដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ យោងតាមលិខិតបំភ្លឺលេខ ០២២ ព.អ.ព ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរបានបញ្ជាក់ថា ទីតាំងដែលរងការចោទប្រកាន់នោះ គឺជាគម្រោងពង្រីកផ្លូវសាធារណៈសម្រាប់បម្រើប្រយោជន៍ប្រជាពលរដ្ឋទៅវិញទេ។
ប្រវត្តិនៃការប្រែក្លាយប្រឡាយទៅជាផ្លូវសាធារណៈ
នៅក្នុងលិខិតបំភ្លឺដដែល អាជ្ញាធរសង្កាត់ព្រែកអំពិល បានលាតត្រដាងពីប្រវត្តិដីធ្លី និងការវិវត្តនៃទំហំផ្លូវនៅចំណុចទទឹងថ្ងៃ ស្ថិតក្នុងភូមិព្រែកដូនហែម និងភូមិព្រែកអំពិល ដូចតទៅ៖
មុនឆ្នាំ២០១៨៖ ទីតាំងនោះដើមឡើយមានប្រឡាយទឹកទទឹងប្រហែល ២ម៉ែត្រ និងមានផ្លូវចាស់ទទឹង ៦ម៉ែត្រ ដែលប្រជាពលរដ្ឋប្រើប្រាស់សម្រាប់ធ្វើចរាចរណ៍។
ក្នុងអំឡុងឆ្នាំ២០១៨៖ ដោយសារស្ថានភាពផ្លូវមានភាពចង្អៀត និងពិបាកធ្វើដំណើរ អាជីវកម្មដឹកអាចម៍ដីបានស្ម័គ្រចិត្តចាក់លុបប្រឡាយនោះ ដើម្បីពង្រីកជាផ្លូវសាធារណៈរហូតដល់ទទឹង ៨ម៉ែត្រ សម្រួលដល់ការធ្វើដំណើរក្នុងមូលដ្ឋាន។
ក្នុងអំឡុងឆ្នាំ២០២០៖ នៅពេលមានការទិញ-លក់ដីនៅតំបន់នោះ ក្រុមការងារជំនាញភូមិបាល (ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល) បានកាត់ដីចំណីទុកសម្រាប់ធ្វើផ្លូវទំហំទទឹង ៨ម៉ែត្រ និងបន្ថែម ២ម៉ែត្រទៀត។
ក្នុងឆ្នាំ២០២៥ ដល់បច្ចុប្បន្ន៖ ក្រុមហ៊ុនដឹកខ្សាច់បានជួយឈូសឆាយ និងចាក់ថ្មបន្ថែម ដែលធ្វើឱ្យផ្លូវនេះមានទំហំទទឹងរហូតដល់ ១០ម៉ែត្រ និងមានចរាចរណ៍ខ្វាត់ខ្វែងជារៀងរាល់ថ្ងៃ។
ទស្សនវិស័យអភិវឌ្ឍន៍ទៅថ្ងៃអនាគត
រដ្ឋបាលសង្កាត់បានគូសបញ្ជាក់ថា ក្រោមការដឹកនាំអភិវឌ្ឍន៍ឥតឈប់ឈររបស់ លោក ចាន់តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ ទីតាំងផ្លូវនេះមាននៅក្នុងប្លង់ប្រព័ន្ធរួចជាស្រេចហើយ។ ទៅថ្ងៃអនាគត ក្រុមការងារជំនាញភូមិបាលក្រុងអរិយក្សត្រ មានគម្រោងវាស់វែង និងពង្រីកផ្លូវនេះឱ្យមានទទឹងរហូតដល់ ១៥ម៉ែត្រ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ក្រុង។
ការអំពាវនាវដល់សាធារណជន និងអ្នកសារព័ត៌មាន
ជុំវិញការចោទប្រកាន់លើ លោក ធី មុនីរាជ ចៅសង្កាត់រងទី១ រដ្ឋបាលសង្កាត់ព្រែកអំពិល បានអះអាងយ៉ាងច្បាស់ថា ព័ត៌មានដែលបានចុះផ្សាយកន្លងមកនោះ “មិនមែនជាការបិតនោះទេ”។ ដើម្បីជាភស្តុតាងសហការ អាជ្ញាធរក៏បានភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ដើម្បីបង្ហាញពីភាពស្អាតស្អំផងដែរ។
អត្ថបទ៖លោក រ៉េត ឌីណេត (កោះឯករាជ្យ)
ផ្សាយចេញ៖
ថ្ងៃអាទិត្យ ៧កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦
រដ្ឋបាលសង្កាត់ព្រែកអំពិល សង្ឃឹមថា ក្រោយការចេញលិខិតបំភ្លឺនេះ សាធារណជន ជាពិសេសបងប្អូនអ្នកសារព័ត៌មានមួយចំនួន នឹងបានជ្រាបច្បាស់ពីអង្គហេតុពិតប្រាកដ បញ្ឈប់ការភ័ន្តច្រឡំ និងបន្តចូលរួមផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូល៕
