(ខេត្តកណ្តាល)៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងយកចិត្តទុកដាក់ខ្ពស់លើការរៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពក្រុង នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ នេះ លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ រួមជាមួយ លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង បានដឹកនាំមន្ត្រីរាជការសាលាក្រុង ចូលរួមក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់ស្តីពី «ការផ្ទៀងផ្ទាត់ទិន្នន័យ និងការពិគ្រោះយោបល់សេចក្តីព្រាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីក្រុងអរិយក្សត្រ ខេត្តកណ្តាល»។
សិក្ខាសាលានេះត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅសាលប្រជុំសាលាក្រុងអរិយក្សត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងដែនដី, ឯកឧត្តម តាំង ម៉េងលាន អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណ ១៥០នាក់។
ការចូលរួមយ៉ាងសកម្មរបស់ លោក ចាន់ តារា ក្នុងសិក្ខាសាលានេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីចក្ខុវិស័យវែងឆ្ងាយក្នុងការរៀបចំក្រុងអរិយក្សត្រ ដែលជាក្រុងទើបបង្កើតថ្មី ឱ្យមានប្លង់គោលច្បាស់លាស់ ស្របតាមស្តង់ដារបច្ចេកទេស និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ លោកអភិបាលក្រុង តែងតែផ្តល់អាទិភាពខ្ពស់លើការពិគ្រោះយោបល់ និងការផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានសុក្រឹតបំផុត ដើម្បីធានាថាការប្រើប្រាស់ដីធ្លីក្នុងក្រុងទាំងមូល នឹងបម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ច ការរស់នៅ និងការអភិវឌ្ឍប្រកបដោយចីរភាព។
តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ សបញ្ជាក់ឱ្យឃើញថា ក្រោមការគ្រប់គ្រងរបស់ លោក ចាន់ តារា និងមន្ត្រីសាលាក្រុងអរិយក្សត្រទាំងអស់ ក្រុងអរិយក្សត្រកំពុងបោះជំហានយ៉ាងលឿនក្នុងការក្លាយជាតំបន់សេដ្ឋកិច្ច និងលំនៅឋានដ៏មានសក្ដានុពលបំផុតមួយរបស់ខេត្តកណ្តាល។
គួរបញ្ជាក់ថា សិក្ខាសាលានេះមានការចូលរួមមតិយោបល់យ៉ាងផុសផុលពីសំណាក់មន្ទីរអង្គភាពជុំវិញខេត្ត ចៅសង្កាត់ ស្មៀន និងមេភូមិទាំងអស់ ដើម្បីរួមគ្នាសម្រេចឱ្យបាននូវសេចក្តីព្រាងប្លង់គោលមួយដែលគ្រប់ជ្រុងជ្រោយ សម្រាប់បម្រើដល់ការអភិវឌ្ឍក្រុងនាពេលអនាគត៕
អត្ថបទ: (ឌីណេត DINETH)
ថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦
